សៀមរាប: នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមណ្ឌលបានទទួលផ្លែមៀននិងផ្លែតាង៉ែន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពីលោកឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស។
តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី ស្ថិតក្នុងកាលៈទេសៈណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចតែងតែគិតដល់ពីផលលំបាករបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់វិនាទី សំខាន់ក្នុងពេលជួបនូវវិបត្តិកូវីដ-១៩ ព្រមទាំងការកកស្ទះនូវផលកសិកម្មរបស់ប្រជាកសិករក្នុងការនាំចេញ សម្តេចបានប្រមូលទិញមៀននិងតាង៉ែន ពីប្រជាកសិករដែលដាំបាននៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយសម្រាលបន្ទុកការលំបាក របស់បងប្អូនប្រជាកសិករយើងក្នុងបរិបទដែលទទួលរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាល នៃមេរោគ កូវីដ-១៩ ជាសកល និង ផ្ដល់ជូនកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ និង បងប្អូន ដែលមានជម្ងឺ ព្រមទាំងបងប្អូនមន្ត្រីរាជការបានពិសារផងដែរ ។
ក្នុងនាមតំណាងអោយយោធិនពិការ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានធ្វើការថ្លែអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែតែងយកចិត្តទុកដាក់ដោះស្រាយនូវរាល់ផលលំបាករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ។ ជាក់ស្តែងថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី បានចាត់តំណាងនាំយកផ្លែមៀននិងផ្លែតាង៉ែនច ផ្តល់ជូនយោធិន សម្រាប់បែងចែកជូនដល់យោធិនក្នុងអង្គភាព ។
លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចទាំងពីរចំពោះផលិតផលកសិកម្មដែលប្រជាកសិករផលិតបាន ជាវិធីដោះស្រាយជួយទៅដល់កសិករក្រីក្រក្នុងកាលៈទេសៈដ៏លំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោក បានបួងសួងដល់វត្ថុស័ក្តិសិទ្ធ និង បារមី នៅលើទឹកដីអង្គរ តាមថែរក្សាជូនដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ឋ ប៊ុន រ៉ានីហ៊ុនសែន សូមសម្តេចទាំងទ្វេរ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមមានសុខុមាលភាពល្អបរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និង ជួបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕