ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូ មួយគ្រឿងបោះពួយក្នុងល្បឿនលឿនហើយបានព្យាយាមវ៉ារថយន្តសណ្ដោងកុងតឺន័រ២គ្រឿងនៅពីមុខជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់៣កំពុងធ្វើដំណើរច្រាស់ទិសគ្នាបណ្ដាលអោយយុវជនរូបនោះរងរបួសដាច់រលាត់មុខមាត់ចេញឈាម ចំណែកម៉ូតូរងការខូចខាត
ទាំងសងខាង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរហាង ផ្ទះស្រាបៀ តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AU-9111ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុ យុវជនរូបនោះបានបន្ថែមល្បឿនព្យាយាមវ៉ារថយន្តសណ្ដោងកុងតឺន័រ២គ្រឿងនៅពីមុខ ក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់៣មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AM-7221ជិះបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូងច្រាស់ទិសគ្នាចំពេញទំហឹង បណ្ដាលអោយយុវជនជិះម៉តូស្កូបពីដួលអូសរងរបួសដាច់រលាត់មុខចេញឈាម ចំណែកម្ចាស់ម៉ូតូរ៉ឺម៉កកង់៣មិនមានរងរបួសនោះទេព្រោះគេចទាន់ ហើយម៉ូតូរងការខូចខាតទាំងសងខាង សំណាងល្អហើយដែលយុវជនរងគ្រោះបុកម៉ូតូរ៉ឺម៉កកង់៣រងរបួសស្រាល ព្រោះនៅខាងក្រោយម៉ូតូរ៉ឺម៉កកង់៣ពេលកំពុងធ្វើដំណើរនោះមានរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងកំពុងបើកមក បើបុករថយន្តសណ្ដោងកុងតឺន័រវិញមិនដឹងទៅជាយ៉ាងណានោះទេ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍និងបានអោយភាគីទាំង២ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ ស្កូបពីព្រមសងសំណងចំនួន២០ដុល្លារដល់ភាគីម្ចាស់ម៉ូតូរ៉ឺម៉កកង់៣យកទៅជួសជុលម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕





































