កិច្ចប្រជុំរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបជាមួយភាគីជប៉ុន

0

សៀមរាប = កិច្ចប្រជុំតាមរយ:ប្រព័ន្ធ Zoom ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបា សហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃការ) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ជាមួយនឹងរដ្ឋបាលខេត្តសៀមរាបនាពេលនេះ។
ដោយមានវត្តមានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរងខេត្ត លោក Asuka Tsuboike តំណាងទីស្នាក់ការ កណ្តាលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃការ) ប្រចាំប្រទេសជប៉ុន លោក Kei Masuda ប្រធានលេខា ធិការដ្ឋានរដ្ឋមន្រ្តីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន និងតំណាងអាជ្ញាធរជាតិអប្សារា ព្រមទាំងអស់លោក លោកស្រីជានាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរក្រុង ទីចាត់ការ អង្គភាពចំណុះសាលាខេត្តជាច្រើននាក់នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងសាលប្រជុំរដ្ឋបាលខេត្តសៀមរាប ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៏ថាបន្ទាប់ពីក្រុងសៀមរាបត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ានកាលពីឆ្នាំ២០១៨កន្លងទៅរដ្ឋបាលខេត្តសៀមរាបក៏ដូចជារដ្ឋបាលក្រុងសៀមរាបបានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដើម្បីបង្កលក្ខណះងាយស្រួលជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃការ) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នឹងរដ្ឋបាលខេត្តសៀមរាបនាពេលនេះ។
ទន្ទឹមគ្នានេះផងដែរដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុង ឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើរសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (ចៃការ) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ ។
ជាការឆ្លើយតបតាមសំណើស្នើសុំរបស់រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(ចៃការ) បានទទួលយកសំណើ (Proposal) របស់រដ្ឋបាលខេត្តសៀមរាបរួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។
ឯកឧត្តម បានបន្តទៀតថា តាមរយៈការសិក្សាស្រាវជ្រាវរបស់ ក្រុមការងារចៃការក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺបានរៀបចំជាសេចក្តីព្រាងផែនការចង្អុលផ្លូវ សម្រាប់ការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាបហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក៏បានជួយក្នុងការសិក្សាជាផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយផលប៉ះពាល់នានាដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាបផងដែរ។
ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារចៃការ ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះគឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។ ស្របតាមការស្នើសុំ (Proposal) ពីខេត្តសៀមរាបនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍នៃប្រទេសជប៉ុន ក៏បានយល់ព្រមធ្វើការគាំទ្រទៅលើសំណើរបស់ខេត្តសៀមរាបនេះហើយនឹងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយៈការបញ្ជូនក្រុមការងារ ដើម្បីមកធ្វើការសិក្សាស្រាវជ្រាវបន្ទាប់ពីភាគីខេត្តសៀមរាប និង ភាគី ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុនបានចុះហត្ថលេខាលើកំណត់ហេតុប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយមិនមានការរង់ចាំ បើទោះបីជាក្នុងកាលៈទេសៈនៃការរីករាលដាលនៃ ជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ៕