ក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្កើតកម្លាំងការងារមួយ ដើម្បីដោះស្រាយ បញ្ហាប្រវត្តិសាស្ត្រ រួមគ្នាមួយ នឹងប្រទេសជប៉ុន មុនពេលកិច្ចពិភាក្សាទ្វេភាគីទូទៅ លើភាពជូរចត់ជាប្រវត្តិសាស្ត្រនៃទាសករផ្លូវភេទសម័យសង្គ្រាម នឹងត្រូវប្រារព្ធធ្វើឡើង នៅចុងខែនេះ។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះដោយដក ស្រង់ប្រភពពីសារព័ត៌មានកូរ៉េ យុនហាប់ ឲ្យដឹងថា សមាជិកកម្លាំងការងារចំនួន ៣រូបដែល ស្ថិតនៅក្រោមការិយាល័យ កិច្ចការអាស៊ី ភាគឦសាននឹងធ្វើឡើងនៅក្នុងភាពស៊ីជម្រៅ និង ការស្រាវជ្រាវជាប្រព័ន្ធ ទៅលើទាសករផ្លូវភេទសម័យសង្គ្រាម ដែលស្ត្រីជនជាតិកូរ៉េ ត្រូវបាន បង្ខិតបង្ខំឲ្យបំរើផ្លូវភេទទៅឲ្យកងទ័ពជប៉ុន ហើយនឹងជួយដល់ការិយាល័យដែលមានស្រាប់ ជាពិសេសលើការដោះស្រាយបញ្ហាជាមួយប្រទេស ជប៉ុន។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងកម្រិតអាក្រក់មួយបន្ទាប់ពីសម័យសង្គ្រាម ដែលបានកន្លងមកជិត ១០០ឆ្នាំទៅហើយ ដោយសារតែ ជម្លោះដែនដី និងមានការភាន់ច្រលំ នៃប្រវត្តិសាស្ត្រសម័យសង្គ្រាមរបស់ជប៉ុន ដូចជា "ស្ត្រីបំរើផ្លូវភេទ” និងបញ្ហាសៀវភៅ ប្រវតិ្តសាស្ត្រជាដើម។ នៅក្នុងនោះដែរព័ត៌មាន យុនហាប់ ក៏បានវិភាគផងដែរថា ចលនាថ្មីរបស់ក្រសួង បាន និង កំពុងធ្វើឲ្យ មានការប្រសើរឡើងមួយកម្រិតបើធៀបនឹងពីមុន និងជាការទទួលខុសត្រូវថ្មី បើគិតពីទំនាក់ទំនងតានតឹងទ្វេភាគីកន្លងមកនេះ៕