សមត្ថកិច្ចនគរបាល បញ្ជូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជាង ៨០០គ្រាប់ ទៅតុលាការខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ដែលជាប់សង្ស័យក្នុងអំពើជួញដូរ នូវសាធាតុញៀនខុសច្បាប់ជាង ៨០០គ្រាប់ និងមានតម្លៃជាទឹកប្រាក់ច្រើនពាន់ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនខ្លួនរួមនឹងវត្ថុតាងបទល្មើស ទៅកាន់តុលាការខេត្តព្រះវិហារ នោះហើយ នៅថ្ងៃទី ០១កញ្ញាឆ្នាំ២០២១នេះ។

ការបញ្ជូនខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើសនោះ បានធ្វើឡើងក្រោយបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន និងការរឹបអូសយកវត្ថុតាង កាលពីម៉ោង១០ និង៥១នាទីព្រឹក ថ្ងៃទី៣១សីហាឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងខុសច្បាប់នោះ បានអនុវត្តដោយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​ខេត្ត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រឡៅពីរ និងកម្លាំងប៉ុស្តិ៍នគរបាលការពាព្រំដែនកំពង់ព្រះឥន្ទ នៃវរ:នគរបាលព្រំដែនគោកលេខ ១០៥ ក្រោមការអនុវត្តបទបញ្ជារបស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា​ និងក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ។

មន្ត្រីដដែលបានបន្តឲ្យដឹងទៀតថា នៅក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀននោះទៀត សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះ អិត ណាងណយ ហៅ ណយ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែក វត្ថុតាងដែលដកហូតបាននៅក្នុងពេលនោះ មានថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន WY ចំនួន ៨៦៤គ្រាប់ ស្មើនឹងទម្ងន់ ៨៧,៧២ក្រាម ,ទូរស័ព្ទ ២គ្រឿង ,លុយខ្មែរ ២លានរៀល ,លុយដុល្លារ ៤ពាន់ ៧០០ដុល្លារ និងលុយឡាវ ចំនួន ៤លានគីប ផងដែរ។

ជនសង្ស័យ រួមនឹងវត្ថុតាងបទល្មើស ដែលរងការបង្ក្រាប ឃាត់ខ្លួន និងរឹបអូសបាន កាលពីថ្ងៃ៣១សីហាឆ្នាំ២០២១នោះ នៅថ្ងៃ០១កញ្ញានេះ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត​ បញ្ចប់ការសាកសួរ ចងក្រងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ នោះហើយ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ