រាជធានីភ្នំពេញ៖ សត្វត្មាត ដែលជាប្រភេទសត្វកម្រ ៣ប្រភេទ មានចំនួន ១២១ក្បាល កំពុងបង្ហាញវត្តមាន នៅក្នុងតំបន់អភិរក្សក្នុងប្រទេសកម្ពុជា និងក្រសួងបរិស្ថាន បានអំពាវនាវ ដល់សាធារណជន ឲ្យចូលរួមក្នុងការការពារ និងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រនេះ ឲ្យបានគង់វង្ស។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងឲ្យអ្នកសារព័ត៌មានដឹងថា ប្រទេសកម្ពុជាមាន «សត្វត្មាត» សរុបចំនួន១២១ក្បាល ហើយមាន៣ប្រភេទ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ នេះគិតត្រឹមខែមិថុនា ឆ្នាំ២០២១។ លោកថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ គឺជាទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សបា្តហ៍ទី១ នៃខែកញ្ញា ត្រូវបានកំណត់ថា «ជាទិវាលើកកម្ពស់ការយល់ដឹងសត្វត្មាតអន្តរជាតិ»។
លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ក្រសួងបរិស្ថាន ដោយសហការ ជាមួយក្រសួងស្ថាប័ន និងអង្គការជាដៃគូ នឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង «សត្វត្មាតអន្តរជាតិ» តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអភិរក្សសត្វត្មាត និងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ លោកថា ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ លោកមានជំនឿ ថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឲ្យមានការចូលរួមកាន់តែសកម្មថែមទៀត ពីសំណាក់សាធារណជន ក្នុងការការពារ និងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រ។
លោក នេត្រ ភក្ត្រា បានបន្តទៀតថា ឆ្នាំ២០២១ នេះ គឺជាលើកទី៦ ហើយដែលកម្ពុជា បានប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ។ ប្រទេសកម្ពុជាបាន ចូលរួមប្រារព្ធទិវានេះលើកដំបូង នៅឆ្នាំ២០១៦ ខណៈទិវានេះ ត្រូវបានគេប្រារព្ធ ធ្វើឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ។ លោកបានបញ្ជាក់ថា ពិភពលោកទាំងមូល បានប្រារព្ធឡើង ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីតួនាទី អេកូឡូស៊ីរបស់សត្វត្មាត ស្ថានភាព និងការគំរាមកំហែងនានា ទៅលើសត្វត្មាត ព្រមទាំងអំពាវនាវ ឲ្យមានការចូលរួម ក្នុងកិច្ចការពារសត្វត្មាត ដែលជាប្រភេទបក្សីកម្រ និងជិតផុតពូជ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ក្នុងការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គការដៃគូ នៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារ និងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្វត្មាត ការអភិរក្ស និងជំរុញឲ្យមានការចូលរួមបន្ថែម ពីសាធារណជន។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ត្រូវបានគេដឹងថា មានសត្វត្មាតចំនួន ៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ លទ្ធផល នៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គឺគិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ ក្បាល ហើយចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាត ទាំង៣ប្រភេទ មានចន្លោះពី១២០ ទៅ ១៤០ក្បាល៕ ដោយ៖ឡុង សំបូរ