ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះថា ប្រទេស មីយ៉ាន់ម៉ា បានបង្កើតជំនួបពិភាក្សាដ៏សំខាន់មួយ ស្តីពី បទឈប់បាញ់ ជុំទី៥ រវាងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជម្លោះនេះឈានដល់ការព្រមព្រៀងគ្នា ជាច្រើនលើកច្រើនសា ហើយឥឡូវនេះវាកំពុងតែសំដៅ ទៅរកទីបញ្ចប់នូវការយល់ព្រមឲ្យមានបទឈប់បាញ់គ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់គណៈកម្មាធិការរក្សាសន្តិភាព របស់រដ្ឋាភិបាល (UPWC) និងក្រុមការងារសម្របសម្រួល បទឈប់បាញ់ប្រដាប់អាវុធជាតិភាគតិច (NCCT) បានឲ្យដឹងថា ភាគីទាំងពីរ បានយល់ព្រមជួបពិភាក្សាគ្នា លើសេចក្តីព្រាង ទាំង៥ចំណុច នៃបទឈប់បាញ់នៅក្នុងខែសីហានេះ។
វាត្រូវបានរំពឹងទុកថា ការព្រមព្រៀង នឹងត្រូវសម្រេចនៅតុលាខាងមុខ។ កំឡុងពេលពិភាក្សា រយៈពេល០៣ថ្ងៃ កាលពីថ្ងៃសុក្រ រហូតដល់ ថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅវិមានសន្តិភាពមីយ៉ាន់ម៉ា ភាគីរដ្ឋាភិបាល បានទទួលយកសំណើ របស់ភាគីម្ខាងទៀត ស្តីពីការបង្កើតសហព័ន្ធនៃរដ្ឋាភិបាល ធានាឲ្យបាននូវសិទ្ធិ ប្រជាធិបតេយ្យ សិទ្ធិស្មើគ្នា និងសិទ្ធិសម្រេចចិត្តដោយខ្លួនឯង។
ចំណែកក្រុមប្រដាប់អាវុធ ក៏យល់ព្រមសំណើរបស់រដ្ឋាភិបាលវិញដែរ ដែលស្តីពី ការមិនបំបែករដ្ឋ សាមគ្គីភាពជាតិ និង អធិបតេយ្យភាពជានិរន្តរ៍ផងដែរ។ គួរបញ្ជាក់ផងដែរថា ចំណុចទាំង ០៥ផ្សេងទៀត ដែលគ្រោងនឹងលើកមកពិភាក្សាពេលក្រោយនេះ គេជឿថានឹងត្រូវបញ្ចប់ឲ្យ ដាច់ស្រេច បូករួមទាំង បទឈប់បាញ់ ការធានាសន្ទនានយោបាយ ដំណើរការការងារអំឡុងពេលចរចា និង បញ្ហាទូទៅមួយ ចំនួនុះ៕