អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋ មកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ត្រូវរក្សាគម្លាត និងបញ្ឈប់ការប្រមូលផ្តុំ ដែលជាហេតុនាំឲ្យមានហានិភ័យនៃការចម្លងមេរោគកូវីដ-១៩

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍អំពាវនាវរបស់ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន គឺក្នុងគ្រាដែលលោកអភិបាលខេត្ត ដឹកនាំមន្ត្រីសុខាភិបាល និងអាជ្ញាធរក្នុងមូលដ្ឋាន អញ្ជើញចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២១។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន​ បានមានប្រសាសន៍ថា  ដោយអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងបរិបថនៃការរីករាលដាលជំងឺកូវីដ-១៩ និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ លោកអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ខេត្តស្ទឹងត្រែង បានចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នូវ ៣ ទីតាំងផ្សេងគ្នា គឺមណ្ឌលសុខភាពកាំងចាម ស្ថិតក្នុងឃុំកាំងចាម, មណ្ឌលសាលាបឋមសិក្សាឆ្វាំង និងមណ្ឌលសាលាបឋមសិក្សាវាលដេញ ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែង ចាត់ទុកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងក្រោមការគិតគូខ្ពស់ពី រាជរដ្ឋាភិបាល នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ហើយត្រូវរក្សាគម្លាតឲ្យបានត្រឹមត្រូវជៀសវាងការប្រមូលផ្តុំគ្នា ដែលជាហេតុនាំឲ្យមានហានិភ័យខ្ពស់ ក្នុងការចម្លងមេរោគកូវីដ-១៩ ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺវីដ-១៩ នាពេលនេះ គឺជាឧបករណ៍ដ៏សំខាន់ និងមានតម្លៃសម្រាប់សុខភាពប្រជាពលរដ្ឋទូទៅ ដែលអាចជួយប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលក្នុងសហគមន៍ រួមផ្សំជាមួយវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ខេត្តស្ទឹងត្រែង គិតត្រឹមថ្ងៃទី០១កញ្ញាឆ្នាំ២០២១ ប្រជាពលរដ្ឋក្នុងខេត្ត ចាប់ពីអាយុ ១២ឆ្នាំទៅ មានចំនួនសរុប ១១ម៉ឺន ៧ពាន់ ៣៣៨នាក់ ក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ចំនួន ១០ម៉ឺន៥៨២នាក់ ស្មើនឹង ៨៥,៧២ភាគរយ អ្នកដែលមិនទាន់ទទួលបានចាក់វ៉ាក់សាំង ចំនួន ១៦ពាន់ ៧៥៦នាក់ សើ្មនឹង ១៤,២៨ភាគរយ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២កញ្ញាឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ០១នាក់ ជាពលករមកពីក្រៅប្រទេស។

គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងសរុប ១ពាន់ ២៨នាក់ ស្រី ៥០៤នាក់ ក្នុងនោះប្រភេទDelta ១១២នាក់ ស្រី ៦៣នាក់ អ្នកជាសះស្បើយ ៦៥៥នាក់ ស្រី ៣១១នាក់ កំពុងសម្រាកព្យាបាល ៣៦២នាក់ ស្រី ១៨៩នាក់ និងស្លាប់ ១១នាក់ ស្រី ០៤នាក់៕ ដោយ៖ឡុង សំបូរ