ខេត្តកំពង់ឆ្នាំង៖ ឈើជ្រុងជាច្រើនម៉ែត្រគូប ដែលផ្ទុកនៅលើគោយន្តកន្ត្រៃ ១គ្រឿងយ៉ាងពេញប្រៀប បានរងការប្រដេញស្ទាក់ចាប់ បង្ក្រាបនិងរឹបអូស ពីកម្លាំងសមត្ថកិច្ចចម្រុះ គ្រាដែលកំពុងធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវលំ ១ខ្សែ កាលពីថ្ងៃទី២កញ្ញាឆ្នាំ២០២១ ស្ថិតក្នុងភូមិជៀប ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការចុះស្ទាក់ចាប់គោយន្តកន្ត្រៃ ១គ្រឿងនេះ ក្រោយពីទទួលដំណឹងអំពីសកម្មភាព នៃការដឹកជញ្ជូនឈើនោះ ហើយកម្លាំងផ្នែករដ្ឋបាលរមាស រួមនឹងមន្ត្រីសង្កាត់ដំរីស បានសហការណ៍ជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកទឹកផុស និងនៅក្រោយការបង្ក្រាប សមត្ថកិច្ចរឹបអូសបានគោយន្តកន្ត្រៃ ១គ្រឿង និងឈើសុក្រំ ៣.ម៉ែត្រគូបត្រីគុណ បញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរមាស ដើម្បីកសាងសំណុំរឿង ចាត់ការជាបន្តតាមនីតិវិធី។ ចំណែក អ្នកបើកបរគោយន្ត ដែលជាម្ចាស់ករណីដឹកឈើគ្មានច្បាប់អនុញ្ញាតនេះ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែវត្ថុតាងបទល្មើសនេះ តែប៉ុណ្ណោះ៕