ព្យុះហឺរីខិន អាយដា Ida បានបង្ករជាទឹកជំនន់ វាយប្រហារទៅលើរដ្ឋប្រាំ ធ្វើឲ្យមនុស្សជិត ៥០នាក់ស្លាប់ នៅសហរដ្ឋអាមេរិក

0

រដ្ឋញូយ៉ក៖ សារព័ត៌មាន ABC News បានចេញផ្សាយ នៅថ្ងៃសុក្រ ទី៣កញ្ញានេះថា មនុស្ស ៤៦នាក់បានស្លាប់លង់ទឹកនៅតាមផ្ទះ និងនៅក្នុងរថយន្តកំពុងធ្វើដំណើរ ដែលបានបង្ករឡើងដោយព្យុះ Ida បង្កើតបានជាទឹកជំនន់ នៅតាមបណ្តោយឆ្នេរភាគខាងកើត នៃសហរដ្ឋអាមេរិក បានទទួលរងឥទ្ធិពលពីកន្ទុយព្យុះហឺរីខិន អាយដា (Ida) យ៉ាងដំណំ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុក មិនធ្លាប់មានទេពីមុនមក ជាពិសេស នៅរដ្ឋញូយ៉ក និងរដ្ឋញូជឺស៊ី។

សារព័ត៌មាន ABC News បាន​បន្តទៀតថា អាជ្ញាធរអាមេរិកបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៦នាក់ហើយ ដែលបានបាត់បង់ជីវិត ដោយសារតែឥទ្ធិពលបន្សល់ទុកពីព្យុះហឺរីខិន Ida។ ជនរងគ្រោះទាំងអស់ សុទ្ធតែបានស្លាប់ដោយសារតែការលង់ទឹកនៅតាមផ្ទះ និងនៅក្នុងរថយន្ត គ្រាដែលទឹកជំនន់បានកើនឡើងយ៉ាងលឿនបំផុត ទាំងនៅក្នុងរដ្ឋញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ ផងទៀត។

អាជ្ញាធរអាមេរិក បានបញ្ជាក់ថា តំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់កម្រកើតមានបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះ គឺនៅរដ្ឋញូជឺស៊ី ចំនួន ២៣នាក់ និងទីក្រុងញូយ៉កចំនួន ១៣នាក់។ ដោយឡែកនៅរដ្ឋ ភែនស៊ីលវេនៀ វិញ មានមនុស្ស ០៥នាក់បាត់បង់ជីវិត។

អាជ្ញាធរអាមេរិក បានបញ្ជាក់ទៀតថា​ នៅមុនគ្រោះធម្មជាតិដ៏អាក្រក់នេះកើតឡើង អាជ្ញាធរទីក្រុងញូយ៉ក បានចេញការប្រកាសអាសន្ន កាលពីថ្ងៃពុធ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាគ្រោះទឹកជំនន់កើតឡើង។ ទឹកជំនន់បានវាយលុកខ្លាំងនៅតំបន់ខាងលើនេះ ចាប់តាំងពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក)៕