ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អូប័រ ២៥គ្រឿងដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់ជួយសង្គ្រោះគ្រោះមហន្តរាយក្នុងប្រទេស

0

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អូប័រ ២៥គ្រឿង ជូនដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់ការងារហ្វឹកហ្វឺនយុទ្ធវិធីកិច្ចសង្គ្រោះគ្រោះមហន្តរាយ ទាំងក្នុងប្រទេស និងសម្រាប់កងយោធាមួកខៀវកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពហ្វឹកហាត់របស់សិក្ខាកាម កងយោធាមួកខៀវទាំង ៣៧រូប ក្នុងភូមិសាស្ត្រតាមដងទន្លេសាប តំបន់ស្ពានព្រែកក្តាម ក្នុងខេត្តកណ្តាល។

សិក្ខាកាមបានបង្ហាញពីសកម្មភាព ក្នុងការបើកបរអូប័រឆ្ពោះទៅកាន់គោលដៅ យ៉ាងរហ័សរហួនជាបន្តបន្ទាប់ សំដៅជួយសង្គ្រោះដល់ជនរងគ្រោះលង់ទឹកកណ្តាលទន្លេ ដែលបាន និងកំពុងស្រែកដង្ហោយហៅ រកជំនួយសង្គ្រោះអាយុជីវិត ពីឧបទ្ទវហេតុក្នុងការលិចនាវា៕ ដោយ៖ឡុង សំបូរ