លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន ត្រៀមបម្រុងទុកសម្រាប់ជួយដល់ពលរដ្ឋជួបការលំបាក និងពលករធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង

0

រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលជំនួយសង្គ្រោះបន្ទាន់ ជាស្បៀងពី លោកស្រី ចាង លី ភរិយា លោក ឡេង ប៉ តំណាងក្រុមហ៊ុន The New Venetian Casino & Hotel ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីត-១៩ នៅខេត្តស្វាយរៀង។ ពិធីនេះបានធ្វើឡើង នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះ ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា ។

លោកជំទាវ បានថ្លែង ចាត់ទុកកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ ខាងវិស័យឯកជននាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននិងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ជាពិសេស សម្រាប់ត្រៀមបម្រុងទុកផ្គត់ផ្គង់ដល់ពលរដ្ឋជួបការលំបាក និងបងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រឡប់មកពីប្រទេសជិតខាង មកធ្វើចត្តាឡីស័កនៅតាមផ្ទះនៅមូលដ្ឋាន ខេត្តស្វាយរៀង ។

ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងនាពេលនេះរួមមាន ៖ អង្ករ ១៥តោន .មី ៥០០កេសតូច .ទឹកសុទ្ធវីតាល់ ៥០០កេស .អាល់កុល ១៥០កាន និងម៉ាស់ ៣០០កេះធំ ស្មើនឹង ២៧០.០០០ ម៉ាស់ ៕ ដោយ៖ឡុង សំបូរ