ឱសថបំប៉នសុខភាព ដែលមិនបានចុះបញ្ជីលេខច្បាស់លាស់ ៧០ប្រភេទ មានទម្ងន់ជាង ១ពាន់ ៣០០គីឡូក្រាម ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀបរាប ដុតកម្ទេចចោល

0

ខេត្តសៀមរាប៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញ ដែលដឹកនាំដោយ អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន និងប្រធានការិយាល័យនិយ័តកម្ម នៃមន្ទីរសុខាភិបាលខេត្តសៀមរាប លោកស្រី លី វណ្ណៈ បានធ្វើពិធីដុតកម្ទេចចោល នូវឱសថបំប៉នសុខភាព ដែលគ្មានចុះបញ្ជីលេខច្បាស់លាស់ ៧០ ប្រភេទ មានចំនួន ១២ម៉ឺន ២ពាន់ ៣៦៦គ្រាប់ ស្មើនឹងទម្ងន់ ១ពាន់ ៣០១ គីឡូក្រាម។

ពិធីដុតកម្ទេចឱសថទាំង១២ម៉ឺន ២ពាន់ ៣៦៦គ្រាប់នោះ បានធ្វើឡើងនៅថ្ងៃទី៧កញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង​ ទៅតាមការសម្រេចរបស់ក្រសួងសុខាភិបាល ក្រោយការបង្ក្រាប និងរឹបអូសបាន នៅរយៈពេលកន្លងមក ដែលស្ថិតនៅក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ឱសថដែលដកហូតបាននាពេលកន្លងមកនោះ គឺមន្ទីរសុខាភិបាលខេត្ត បានសហការជាមួយ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះដកហូត បន្ទាប់ពីបានរកឃើញថា អ្នកលក់ឱសថបំប៉នសុខភាព មិនបានចុះបញ្ជីលេខឲ្យបានត្រឹមត្រូវ ទៅតាមគោលការក្រសួងសុខាភិបាលនោះឡើយ។

មន្ត្រីដដែលបានបន្តថា  ឱសថដែលដកហូតបាននោះ គឺជាឱសថដែលផលិតនៅសហរដ្ឋអាមេរិក មានចំនួន ៤៥កេស ស្មើនឹង ៧០ ប្រភេទ មានចំនួន ១២ម៉ឺន ២ពាន់ ៣៦៦គ្រាប់ និងមានទម្ងន់ ១ពាន់ ៣០១គីឡូក្រាម ជារបស់ឈ្មោះ ជា ណាវី។ លោកថា ក្រោយការដកហូតនោះមក នៅថ្ងៃនេះ មន្ទីរបានសុំគោលការណ៍ថ្នាក់ដឹកនាំ សម្រេចធ្វើការដុតកម្ទេចចោល ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប៕