ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ គ្រោងបើកទ្វារសាលាជាង ៧០០កន្លែង ឲ្យដំណើរការឡើងវិញ ដើម្បីផ្តល់លទ្ធភាពឲ្យសិស្សានុសិស្ស បានចូលរៀនវិញ បន្ទាប់ពីបានបិទទ្វារអស់រយៈពេលច្រើនខែ ក៏ព្រោះវិបត្តិជំងឺកូវីដ-១៩ និងខណៈនេះ ការវាយតម្លៃបានបញ្ជាក់ពីគ្មានហានីភ័យឆ្លង និងបើមានក៏ស្ថិតនៅក្នុងកម្រិតទាបនោះដែរ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឲ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានត្រួតពិនិត្យសាលារៀនទាំងអស់ ហើយតាមការវាយតម្លៃឃើញថា សាលារៀនដែលអាចបើកវិញបាន មានសាលាបឋមសិក្សា ៣១២ កន្លែង អនុវិទ្យាល័យ ៧០ ទៅ៧១កន្លែង និងវិទ្យាល័យ ២៤កន្លែង ផងដែរ។
លោក វី សំណាង បានជំរុញឲ្យអាជ្ញាធរ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសម្អាតបរិស្ថាន ធ្វើអនាម័យឲ្យបានស្អាត ជាពិសេស បាញ់ថ្នាំសម្លាប់មេរោគចំពោះសាលារៀនណា ដែលធ្លាប់យកធ្វើជាកន្លែងព្យាបាល និងធ្វើជាមណ្ឌលចត្តាឡីស័កជំងឺកូវីដ- ១៩ នោះ ។
អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង បានបញ្ជាក់ថា ការបើកឲ្យដំណើរការសិក្សាឡើងវិញនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ដល់សិស្សានុសិស្ស ដែលពួកគេត្រូវបានផ្អាកការសិក្សារយ:ពេលកន្លងមក ដើម្បីអាចទទួលបានចំណេះដឹងឡើវិញ ។ ប៉ុន្តែ ក្នុងនោះក៏នៅមានសាលារៀន ១០ កន្លែងទៀត ដែលមិនទាន់អាចដំណើរការឡើងវិញបាននោះទេ ដោយសារតែសាលាទាំងអស់នោះ គឺនៅជិតតំបន់ដែលមានហានិភ័យខ្ពស់ និងតំបន់ដែលឆ្លងការរាតត្បាតនៃជំងឺកូវីដ-១៩ខ្លាំង តែអាចនឹងដំណើរការជាបន្តបន្ទាប់ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ ៕