ខេត្តព្រះវិហារ៖ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃកន្លងមក និងបានអូសបន្លាយរហូតមកដល់ពេលនេះ ធ្វើឲ្យតំបន់នៅជាប់មាត់អូរ តំបន់វាលទំនាប និងកំណាត់ផ្លូវជាតិ ១ខ្សែ រងការជន់លិច។
អភិបាលស្រុកឆែប លោក សុខ សានដារ៉ា នៅថ្ងៃទី០៨កញ្ញាឆ្នាំ២០២១នេះ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យ និងបញ្ជាគ្រឿងចក្រ ចុះជួយកាយដីដែលកកស្ទះនៅលើទ្រូងផ្លូវ ដើម្បីបញ្ជៀសមុខទឹក គេចចេញពីការជន់លិច ដែលអាចបង្ករការខូចខាត ដល់ទ្រព្យសម្បត្តិសាធារណៈ។
ការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងរបស់ អភិបាលស្រុកឆែប លោក សុខ សានដារ៉ា នៅរយៈពេល ២ថ្ងៃមកនេះ ស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការហក់ឡើង នៃបរិមាណទឹកភ្លៀង ក្នុងកម្រិត ៧៤ មីលីម៉ែត្រ ក្រោយពេលភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេល ៥ថ្ងៃ និងនៅថ្ងៃ៨កញ្ញានេះ ភ្លៀងក៏នៅតែបន្តធ្លាក់ ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួន ត្រូវបានជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។
អភិបាលស្រុកឆែប លោក សុខ សានដារ៉ា បានថ្លែងឲ្យដឹងថា ភ្លៀងបានធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេល ៥ថ្ងៃមកហើយ និងនៅថ្ងៃនេះភ្លៀងក៏នៅតែបន្តធ្លាក់ ធ្វើឲ្យមានការជន់លិចកំណាត់ផ្លូវជាតិ ១ខ្សែ មានប្រវែងច្រើនម៉ែត្រ តំបន់ជាប់មាត់អូរ តំបន់ទំនាប និងការជ្រាបចូលក្រោមផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងភូមិឆែបលិច ឃុំឆែប ១ ស្រុកឆែប។
លោកអភិបាលស្រុកឆែប បានបន្តថា នៅថ្ងៃ៨កញ្ញានេះ ទឹកភ្លៀងបានបន្តជន់លិចកំណាត់ផ្លូវជាតិ ១ខ្សែ ដែលតភ្ជាប់ការធ្វើដំណើរពីស្រុកឆែប ទៅស្រុកជ័យសែន ត្រង់ភូមិឆែបលិច ឃុំឆែប១ និងលោកបានដឹកនាំមន្ត្រីជំនាញ នាំគ្រឿងចក្រចុះកាយដីដែលកកស្ទះនៅលើដងផ្លូវ ដើម្បីបញ្ជៀសមុខទឹក ឲ្យហូរចាក់ទៅប្រឡាយ បញ្ជៀសការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ផងដែរ។
លោក សុខ សានដារ៉ា បានបញ្ជាក់ថា បើទោះបីជាមានការជន់លិច តំបន់មាត់អូរ តំបន់ទំនាប ការលិចផ្លូវជាតិជាច្រើនម៉ែត្រ និងការជ្រាបចូលតាមផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងមែន តែទឹកភ្លៀងក៏មិនទាន់បង្ករជាទឹកជំនន់ធ្ងន់ធ្ងរ និងបង្ករផលប៉ះពាល់ដល់លំនៅដ្ឋាន ដីស្រែចំការ សត្វពាហនៈ និងជីវភាពរស់នៅប្រជាពលរដ្ឋនៅឡើយទេ។ លោកបញ្ជាក់ទៀតថា ជារៀងរាល់ឆ្នាំ ទឹកភ្លៀងតែងជន់លិចបែបនេះ ក្នុងរវាងពីរថ្ងៃជាប់គ្នាយ៉ាងយូរ គឺលិចទាំងទីអារ៉ាម ហើយក៏ស្រកចុះអស់ទៅវិញជាធម្មតា។ តែទោះជាយ៉ាងណាក៏ដោយចុះ ដោយអនុវត្តតាមការណែនាំរបស់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា និង អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក្នុងនាមអាជ្ញាធរស្រុក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប លោកបានត្រៀមកម្លាំងសរុប មធ្យោបាយ បរិក្ខាពេទ្យ និងស្បៀងអាហារ រួចជាស្រេចហើយ ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព នោះប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ បង្ករការជន់លិចលំដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាទ្រព្យសម្បត្តិរួមរបស់រដ្ឋ ៕ ដោយ៖ឡុង សំបូរ