ខេត្តកំពត៖ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម ជាវ តាយ បានដឹកនាំកិច្ចប្រជុំគម្រោងបង្កើតតំបន់គ្រប់គ្របជលផលសមុទ្រនៅសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នកា់ដឹកនាំខេត្តកំពត ប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងរដ្ឋបាលក្រុងបូកគោ កាលពីនៅថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២១។
តំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាដែននេសាទដែលមានព្រំប្រទល់ទំហំនិងមាននិយាមកាព្រមទាំងមានផែនការគ្រប់គ្រងច្បាស់លាស់ដើម្បីការនេសាទជាលក្ខណៈគ្រួសារប្រកបដោយនិរន្តរភាព ការពារជីវៈចម្រុះប្រកបដោយប្រសិទ្ធភាពលើកស្ទួយជីវភាពរស់នៅរបស់ប្រជានេសាទដើម្បីកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់វិស័យអេកូទេសចរណ៍។
បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ និងមតិចូលរួមក្នុងកិច្ចប្រជុំរួចមក ឯកឧត្ដម ជាវ តាយ មានប្រសាសន៍ គាំទ្រគម្រោងបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ក្នុងភូមិសាស្រ្តសង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ,ចាត់អភិបាលរងទទួលបន្ទុកបង្កើតក្រុមការងារចុះពិនិត្យទីតាំង ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទី ដើម្បីឈានទៅធ្វើការចុះហត្ថលេខា ,គាំទ្រការលើកឡើងគ្រប់ជំនាញពាក់ព័ន្ធនឹងធ្វើការបែងចែកច្បាស់លាស់ តំបន់វិនិយោគ និងតំបន់អភិរក្ស ដែលជាចំណុចសំខាន់ក្នុងកិច្ចប្រជុំជាពិសេស ត្រូវចូលរួមទាំងអស់គ្នា ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិទាំងអស់នេះ ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ ជាកន្លែងទេសចរណ៍ និងអភិរក្សធនធានធម្មជាតិ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាខេត្តកំពតទាំងមូល។
ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ជំនាញ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ដើម្បីពន្លឿនកិច្ចការនេះឲ្យបានឆាប់រហ័ស ដូចអ្វីដែលបានលើកឡើង ដើម្បីឈានទៅដល់ការចុះហត្ថលេខាកំណត់លើប្លង់ដែលយើងបានធ្វើការអភិរក្ស៕ សេង ណារិទ្ធ