ខេត្តកំពត៖ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យលើការបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពី មន្ត្រីខេត្ត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងនាយកទីចាត់ការសាលាខេត្តកំពត ផងដែរ។
អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យ ដើម្បីបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពត ។
ឯកឧត្តម អភិបាលខេត្តកំពត បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវវាយតម្លៃអំពីសាលា ដែលត្រូវបើកដំណើរការឡើងវិញឲ្យបានច្បាស់លាស់ ក្នុងការធានាកុំឲ្យមានបញ្ហាប្រឈម ឬហានិភ័យកើតឡើង ដោយត្រូវយកសេចក្តីណែនាំលេខ ៤៦ របស់ក្រសួងអប់រំយុវជន និងកីឡា ទៅអនុវត្តឲ្យបានហ្មត់ចត់ , អភិបាលស្រុក-ក្រុង ត្រូវវាយតម្លៃអំពីស្ថានភាពជំងឺកូវីដ-១៩ ឲ្យបានច្បាស់លាស់ក្នុងការលើកសំណើបើកសាលាឡើងវិញ ទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត nigត្រូវជំរុញឲ្យមានការសំអាតសាលារៀនឲ្យបានល្អជានិច្ច រដ្ឋបាលក្រុង-ស្រុក ត្រូវជំរុញការផ្សព្វផ្សាយឲ្យកុមារអាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វាក់សាំងជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ហើយត្រូវរៀបចំស្ថិតិនៃការចាក់វាក់សាំងឲ្យបានច្បាស់លាស់ មណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង-ស្រុក ដែលកំពុងដំណើរការ សូមរក្សាសិន រង់ចាំពិនិត្យឡើងវិញ នៅពេលក្រោយបន្តទៀត និងត្រូវពន្លឿនធ្វើផែនការបើកសាលាឡើងវិញឲ្យបានលឿនបំផុត៕ សេង ណារិទ្ធ