សៀមរាប៖ មន្ត្រីយោធិនពិការ គ្រូពេទ្យ គ្រូបង្រៀននិងគ្រួសារចំនួន៦២០នាក់ ដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានទទួលការចាក់វ៉ាក់ដូសទី៣ ឬដូសជម្រុញ ប្រភេទវ៉ាក់សាំងអាស្ត្រាហ្សេណេកា។
នាយកមជ្ឈមណ្ឌល ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ បានធ្វើឡើងជា២វគ្គ ដោយវគ្គទី១ បានចាក់ជូនបងប្អូនដែលជាយោធិនពិការ និងក្រុមគ្រួសារបានចំនួន៣៧០នាក់ កាលពីថ្ងៃទី១៣និង១៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា វគ្គទីពីរចាប់ផ្តើមនៅថ្ងៃទី០៣កញ្ញារហូតមកដល់ថ្ងៃទី០៨ខែកញ្ញាត្រូវបានចាក់ជូនបងប្អូនដែលនៅសេសសល់ចំនួន២៥០នាក់។សូមបញ្ជាក់៖ការចាក់វ៉ាក់សាំងដូសជម្រុញឬដូសទីបីចំនួន ៦២០ដូស ត្រូវបានបញ្ជប់ ការចាក់ត្រឹមថ្ងៃទី០៨ ខែកញ្ញានេះ លទ្ធផលសរុបបានចាក់ជូនយោធិនពិការនិងគ្រួសារចំនួន ៥៦៦នាក់ ពេទ្យឆ្មបនិងគ្រួសារចំនួន ០៤នាក់ លោកគ្រូអ្នកគ្រូនិងគ្រួសារចំនួន ៥០នាក់ ។
ជាមួយនឹងលទ្ធផលនៃការចាក់វ៉ាក់សាំងជូនបងប្អូនយោធិនពិការ គ្រូពេទ្យ លោកគ្រូអ្នកគ្រូ និងគ្រួសារ បានចំនួន៦២០នាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន ៣១៧ សៀមរាប បានលើកឡើងថា ជាការយកចិត្តទុក្ខដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ មកលើសុខមាលភាពប្រជាពលលរដ្ឋ ជាពិសេសយោធិនពិការ និងក្រុមគ្រួសារ ៕