រថយន្តធន់ធំមួយគ្រឿង បើកបុកអ្នកជិះម៉ូតូពេញទំហ៊ឹង បណ្តាលឲ្យរងរបួសជាទម្ងន់

0

ខេត្តកំពត៖ បុរសម្នាក់បានរងរបួសជាទម្ងន់ បន្ទាប់ពីរថយន្តខ្នាតធំមួយគ្រឿង បើកបុកយ៉ាងពេញទំហ៊ឹង នៅលើកំណាត់ផ្លូវជាតិ លេខ ៣៣ ពេលមេឃកំពង់ធ្លាក់ភ្លៀង នាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី៩កញ្ញាឆ្នាំ២០២១ ស្ថិតក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ព្រំ ចេន ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ លោកថា នៅមុនពេលហេតុការណ៍ គេបានឃើញបុរសរងគ្រោះបានជិះម៉ូតូម្នាក់ឯង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1O-1662 បើកបរក្នុងទិសដីពីលិចទៅកើត ក្នុងគោលបំណងទៅទិញស្មៅឲ្យគោស៊ី នៅផ្សារកំពង់ត្រាច។ លុះមកដល់ចំណុចកើតហេតុ គាប់ជួនមានភ្លៀងធ្លាក់ផង ស្រាប់តែមានរថយន្តខ្នាតធំ ១គ្រឿង បើកបោះពួយយ៉ាងលឿន ហើយបានជែងរថយន្តដឹកកម្មកររោងចក្រ ក្នុងទិសដៅពីកើតទៅលិច(បញ្ច្រាសទិសគ្នា) រួចរថយន្តបង្កបានជ្រុលទៅបុកម៉ូតូចំពីមុខទាំងកំរោល  បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ នៅខណៈនោះ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានមកអន្តរាគមន៍ ដោយហៅរថយន្តឲ្យមកដឹកជនរងគ្រោះ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ និងនាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕ សេង ណារិទ្ធ