ប៉ុស្តិ៍នគរបាលប្រចាំការ ២៤ម៉ោង ដែលទើបបញ្ចាប់លើការសាងសង់ ក្នុងតម្លៃទឹកប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ ប៉ុស្តិ៍នគរបាលប្រចាំការ ២៤ម៉ោង ដែលទើបត្រូវបានបញ្ចាប់នៅក្នុងការសាងសង់ និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងតម្លៃទឹកប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិកនោះ ត្រូវគេដឹងថា គឺសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ ឲ្យកាន់តែល្អប្រសើរ ថែមទៀត។

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលប្រចាំការ ២៤ម៉ោងមួយនេះ បានធ្វើឡើង ក្រោមអធិបតីភាព អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ដែលមានការចូលរួមពី មន្ត្រីខេត្ត ក្រុង ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី កងកម្លាំងទាំង៣ និងសប្បុរសជន នៅថ្ងៃទី០៩កញ្ញាឆ្នាំ២០២១នេះ នៅជិតរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅក្នុងភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

អភិបាលខេត្តឧត្តរមាបជ័យ លោក ប៉ែន កុសល្យ បានថ្លែង កោតសរសើរ ចំពោះស្នងការ នគរបាលខេត្ត ដែលមកកាន់តំណែងត្រឹមតែរយៈពេល ១ឆ្នាំ ប៉ុណ្ណោះ បានកសាង អភិវឌ្ឍន៍អង្គភាពស្នងការនគរបាលខេត្ត ឲ្យមានការរីកចំរើន បន្ថែមទៀត នូវសមិទ្ធិផលយ៉ាងច្រើនក្នុងមូលដ្ឋាន ក្រោមដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

លោកអភិបាលខេត្ត បានថ្លែងចាត់ទុក សមិទ្ធិផលទាំងនេះ គឺបានផ្តើមចេញពីសកម្មភាពរស់រវើករបស់អង្គភាពស្នងការដ្ឋាននគរបាលខេត្ត និងទឹកចិត្តសប្បុរសជន ក្នុងការចូលរួមចំណែកមួយយ៉ាងសំខាន់ ពីបុគ្គលម្នាក់ៗដែលមានឆន្ទៈមុះមុត ទើបមានការអភិវឌ្ឃន៍ ធ្វើឲ្យលេចចេញជារូបរាង នូវសមិទ្ធិផលនានាយ៉ាងច្រើន។ លោកបានបញ្ជាក់ថា ការចូលរួមអភិវឌ្ឍន៍មូលដ្ឋានពីវិស័យរដ្ឋ ឯកជន និងសប្បុរសជន នាពេលនេះ គឺដើម្បីទុកជាប្រយោជន៍រួមមួយដ៏ប្រសើរ ក្នុងការងារជួយដល់សង្គមជាតិ ប្រកបដោយសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត រស់នៅដោយភាពកក់ក្តៅ និងសុខដុមរមនា ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ ​លោកឧត្តមសេនីយន៍ទោ ហួត សុធី បានថ្លែងថា ប៉ុស្តិ៍នគរបាលប្រចាំការ ២៤ម៉ោង ១ខ្នង ដែលទើបត្រូវបានបញ្ចាប់ក្នុងការសាងសង់ និងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលនេះ ត្រូវបានសាងសង់ឡើងក្នុងទំហំទទឹង ៥ម៉ែត្រ និងបណ្តោយប្រវែង ៦ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ក្បឿង សង់ឡើងតាមរចនាបទខ្មែរបុរាណសិទ្ធ ដោយចំណាយអស់ថវិកា១ម៉ឺន ៦៤៨ដុល្លារអាមេរិក ប៉ុស្តិ៍នេះនឹងបម្រើក្នុងកិច្ចការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងប្រជាពលរដ្ឋ  ជាពិសេស ដើម្បីចូលរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល សម្រាប់ការអនុវត្តន៍នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាក់ថា នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ លោកបានខិតខំអនុវត្តន៍តាមបទបញ្ជារដ៍ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយន៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូច អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ ក្នុងការអភិវឌ្ឃន៍ កសាងអង្គភាពរបស់ខ្លួន ចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ឲ្យមានភាពល្អប្រសើរលើគ្រប់វិស័យ ដើម្បីបម្រើប្រយោជន៍ការងារសន្តិសុខ សង្គម ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា មានសុវត្ថិភាព សន្តិសុខល្អ និងដើម្បីទុកជាប្រយោជន៍រួម ដល់អ្នកដឹកនាំជំនាន់ក្រោយៗទៀត នៅក្នុងខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃមួយនេះ៕ ដោយ៖ឡុង សំបូរ