អាជ្ញាធរខេត្តស្ទឹងត្រែង បើឲ្យដំណើរការឡើងវិញ ផ្សារចំនួនបីក្នុងក្រុង និងទីប្រជុំជនលក់ដូរ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចលេខ ១០២ / ២១ សសរ ចុះថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ ស្តីពីការបើកឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម «ផ្សារសាមគ្គីស្ទឹងត្រែង ,ផ្សារថ្មីក្រុងស្ទឹងត្រែង (ផ្សារអូរឬស្សី) ,ទីប្រជុំជនលក់ដូរនៅមូលដ្ឋានគីឡូម៉ែត្រ២ (ផ្សារគីឡូ២) និងទីប្រជុំជនលក់ដូរ» ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ការសម្រេចបើកឲ្យដំណើរការសកម្មភាពអាជីវកម្មផ្សារទាំង ៣ ក្នុងក្រុងស្ទឹងត្រែង នាពេលនេះ បន្ទាប់ពីត្រូវបានផ្អាកសកម្មភាព ដើម្បីអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងរយៈពេលកន្លងមក ចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ តទៅ។​

រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការបើកឲ្យដំណរការឡើងវិញ សកម្មភាពអាជីវកម្មក្នុងមូលដ្ឋានខាងលើនេះ តម្រូវឲ្យអនុវត្តវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដែលបានបញ្ញត្តិក្នុងលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋបាលខេត្ត ដែលនៅជាធរមាន ក្នុងនោះរួមមាន អនុវត្តវិធានការ «កាតព្វកិច្ចពាក់ម៉ាស់ ,រក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ,វិធានការ ៣ការពារ និង ៣កុំ និងបម្រាមគោចរ ពីចន្លោះម៉ោង២១យប់ ដល់ម៉ោង ៣ទៀបភ្លឺ» ជាដើម។ល។ ព្រមទាំងវិធានការមួយចំនួនទៀត ដែលកំពុងបន្តអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ និងខ្ជាប់ខ្ជួន ក្នុងគោលបំណង ធានាការពារអាយុជីវិត ប្រជាជនឲ្យបានគង់វង្ស រក្សាបានសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសង្គម។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ដែលជាទីប្រឹក្សាក្រសួងសុខាភិបាល បានថ្លែងថា និន្នាការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង បានកត់សម្គាល់ឃើញថា មានការថយចុះបន្តិចហើយ នៅពេលនេះ។ លោកបានបញ្ជាក់ថា  ដើម្បីថែរក្សាបាននូវកំរិតឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែតិចទៅៗ ហើយមិនអាចផ្ទុះសារជាថ្មីឡើងវិញ សូមឲ្យយើងទាំងអស់គ្នា ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច ៕ ដោយ៖ឡុង សំបូរ