ប្រធានរដ្ឋសភាកម្ពុជា និងសមាជិក សមាជិការដ្ឋសភា បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្រ្តាហ្សេនីកា ដូសទី៣ ដូសជំរុញ នៅវិមានរដ្ឋសភាជាតិ

0

រាជធានីភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញដឹកនាំសមាជិក សមាជិការដ្ឋសភា មកទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដូសជំរុញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមការរៀបចំរបស់ក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះកាត់បន្ថយការឆ្លង និងឈឺធ្ងន់ ពិសេស សំដៅឈានទៅសម្រេចឱ្យបាននូវភាពសាំសហគមន៍ ដែលជាកត្តាជំរុញធានា ឱ្យបាននូវការវិលត្រឡប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរបស់នៅជាទូទៅរបស់ពលរដ្ឋ ក៏ដូចជាការស្តារនូវបញ្ហាសេដ្ឋកិច្ច សង្គមឱ្យងើបឡើងវិញ។

សម្តេចប្រធានរដ្ឋសភាជាតិ បានមានប្រសាសន៍ទៀតថា កំណើនអត្រាពលរដ្ឋចាក់វ៉ាក់សាំងបានកើនឡើងជាលំដាប់ ពោលក្នុងចំណោមពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ដែលរហូតមកដល់ពេលនេះសឹងតែសម្រេចបាន១០០% ហើយ នៃចំនួនគោលដៅ១០លាននាក់នោះ ។ ចំណែកកុមារនិងយុវវ័យដែលមានអាយុពី១២ដល់១៧ឆ្នាំវិញ មកដល់ពេលនេះសម្រេចបានជិត៩០% ហើយដែរ ដែលបានទៅចាក់វ៉ាក់សំាងកូវីដ-១៩ ក្នុងចំណោមជិត ២លាននាក់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ទៀតថា ក្រសួងសុខាភិបាលបាន និងកំពុងបន្តយ៉ាងសកម្ម ក្នុងការចាក់វ៉ាក់សំាងដូសទី៣ ឬដូសជំរុញ ជូនដល់ពលរដ្ឋ ដែលបានចាក់ដូសទី១និងទី២ ហើយនៅតែបន្តផ្តល់វ៉ាក់សាំងដូសដំបូង ដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់ សំដៅធ្វើយ៉ាងណា ឱ្យពលរដ្ឋរបស់យើងដែលមានអាយុត្រូវចាក់បានចាក់គ្រប់ៗគ្នា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភាជាតិ បានមានប្រសាសន៍ កោតសរសើរដល់មន្រ្តីសុខាភិបាល អាជ្ញាធរដែនដី កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានខិតខំគ្រប់បែបយ៉ាង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងធ្វើកិច្ចអន្តរាគមន៍តាមភារកិច្ច ព្រមទាំងការចូលរួមយ៉ាងពេញលេញពីប្រជាពលរដ្ឋ ដែលបានធ្វើឱ្យយុទ្ធសាស្រ្តចាក់វ៉ាក់សំាង ការពារសុខុមាលភាពសង្គមជាតិ ទទួលបានជោគជ័យបែបនេះ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏នៅបានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការកៀរគរស្វែងរកវ៉ាក់សាំងគ្រប់មធ្យោបាយ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន ក្នុងចំនួនយ៉ាងច្រើនជាទីមោទនបំផុត នៅក្នុងការការពារសុខុមាលភាពពលរដ្ឋ និងសង្គម ដើម្បីទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ ហើយយើងនឹងអាចឈានទៅបើកដំណើរការសាលារៀន រមណីយដ្ឋានកម្សាន្តនានា ដោយត្រូវគោរពតាមស្តង់ដាវិធានការសុវត្ថិភាព ដើម្បីឱ្យចៅៗ កូនក្មួយរបស់យើង បានវិលទៅសិក្សានៅថ្នាក់រៀនដោយផ្ទាល់ ក៏ដូចជាស្តារវិស័យសេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗ តាមរយៈការប្រកបកិច្ចការរកទទួលទានប្រចាំថ្ងៃផ្សេងៗនោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទាំងអស់ រួមនឹងដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្តនានាដល់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជារហូតមក។ តែទោះជាយ៉ាងណាក្តី សូមជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់ ទើបយើងចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ ទទួលបានសេចក្តីសុខពេញលេញ ក្នុងពេលឆាប់ៗខាងមុខនេះ៕