ការការពារទោះបីជាចាក់វ៉ាក់សាំងហើយក៏មិនត្រូវភ្លេចខ្លួនពីជំងឺកូវីដ១៩ដែរ

ខេត្តព្រះសីហនុ៖យុទ្ធនាការសាចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី18 ឆ្នាំឡើងត្រូវបានបិទនាព្រឹកថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2021ក្រោមវត្តមានលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល…។ល។
លោកជំទាវថា ការចាក់វាក់សាំងអាចជួយការពារជំងឺកូវីដ-១៩បាននិងទប់ទល់បានហានិភ័យធ្ងន់ធ្ងរពីកូវីដ១៩។
ទៅជាយ៉ាងណា បើទោះជាបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ហើយ ក៏ដោយសូមកុំភ្លេចខ្លួនដែរ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះដែរលោកជំទាវ ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទទួលបានលទ្ធផលល្អ។

ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុមានប្រជាពលរដ្ឋសរុបមានចំនួន ៣០៧.៨១៧នាក់ ស្រី ១៤៣.៣២៣នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៨.៣៧៧នាក់ ស្រី ១០៣.៧៨៣នាក់ ។
ជាលទ្ធផលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៣,១៧០នាក់ ស្មើនឹង ៩៧,៧២% នៅសល់ ៥,២០៧នាក់ ។
ខេត្តព្រះសហីនុ បានបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងក្រុងស្រុកទូទាំងខេត្ត ប៉ុន្តែនៅបន្តបើកដំណើរការការមណ្ឌលចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួនមួយមណ្ឌលនៅសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងកុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩៕