ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ឧបត្ថម្ភថវិកា ៤លានរៀល និងសង់ផ្ទះ ១ខ្នង ជូនបុរសទីទ័លក្រ ១គ្រួសារ ទទួលបន្ទុកចិញ្ចឹមកូន ៤នាក់ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នាយឧត្តមសេនីយ៍ មាស សុភា ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា ៤លានរៀល និងការជួយសង់ផ្ទះ ១ខ្នង ជូនបុរសក្រីក្រ ១គ្រួសារ ទទួលបន្ទុកចិញ្ចឹមកូន ៤នាក់ តាមរយៈរដ្ឋបាលខេត្តព្រះវិហារ នាថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ។

អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកទេសរដ្ឋមន្ត្រី មាស សុភា ដែលជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ , លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ជូនចំពោះបុរសទីទ័លក្រ ១គ្រួសារ ឲ្យខិតខំថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីចៀសផុតពីជំងឺដង្កាត់ទាំងឡាយ ជាពិសេស ចៀសផុតពីជំងឺកូវីដ-១៩។

អភិបាលស្រុកឆែប លោក សុខ សានដារ៉ា​ បានឲ្យដឹងថា លោកទេសរដ្ឋមន្ត្រីមាស សុភា បានឧបត្ថម្ភថវិកា ៤លានរៀល និងជួយសាងសង់ផ្ទះ ១ខ្នង ជូនដល់បុរសដែលមានជីវភាពទីទ័លក្រ ១គ្រួសារ ទទួលបន្ទុកចិញ្ចឹមកូន ៤នាក់ ក្រោយពេលប្រពន្ធវិចបង្វិចរត់ចោល។ លោកថា ថវិកា និងការសង់ផ្ទះ ១ខ្នងនោះ គឺធ្វើឡើងតាមរយៈរដ្ឋបាលខេត្តព្រះវិហារ ហើយនៅថ្ងៃ១០កញ្ញានេះ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានចាត់លោក ស៊ូ សិរី អភិបាលរងខេត្ត និងរូបលោកផ្ទាល់ ដឹកនាំក្រុមការងារ នាំយកថវិកា ៤លានរៀលនោះ និងជួយសង់ផ្ទះ ១ខ្នង ជូនបុរសម្នាក់ ឈ្មោះ អួន សុវណ្ណ អាយុ ៤៨ឆ្នាំ ជាគ្រួសារទីទ័លក្រ មានជំងឺប្រចាំកាយ និងទទួបន្ទុកចិញ្ចឹមកូន ៤នាក់ ដែលផ្ទះនោះ នឹងសង់ឡើងក្នុងទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ៧ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី ស្ថិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

លោកអភិបាលស្រុកឆែប បានបន្តថា បុរសទីទ័លក្រ ១គ្រួសារនេះ ដោយសារខ្លួនមានជំងឺផង និងលំបាកលំបិនក្នុងជីវភាពពន់ពេក ពិសេស ការទទួលបន្ទុកចិញ្ចឹមកូន ៤នាក់ ថែមទៀត គាត់បានយកប្លង់ដីទៅបញ្ចាំ ដើម្បីយកលុយមកទិញស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ការរស់នៅជាមួយកូនៗ។ លោកថា ក្រោយពីបានដឹងរឿងនេះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តល់ថវិកា ៤លាន សម្រាប់លោះប្លង់ដីផ្ទះនោះយកមកវិញ និងបានជួយសង់ផ្ទះ ១ខ្នង ជូនបុរសទីទ័លក្រ ១គ្រួសារនេះ សម្រាប់ការរស់នៅសមរម្យ ដូចអ្នកឯទៀត ផងដែរ។

បន្ទាប់មក អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០ម៉ឺនរៀល ,អភិបាលស្រុកឆែប លោក សុខ សានដារ៉ា ថវិកា ៨ម៉ឺនរៀល មាន់១០ក្បាល ទា១០ក្បាល សម្រាប់ចិញ្ចឹមក្នុងគ្រួសារ អាហារដ្ឋាន ណា រ៉ែន ថវិកា ៥ម៉ឺនរៀល និង លោក អ៊ុក គឹមសាន ឧបត្ថម្ភ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខកំប៉ុង ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ និងទឹកក្រូច ១កេស សម្រាប់ដោះស្រាយក្នុងជីវភាពគ្រួសារ៕ ដោយ៖ឡុង សំបូរ