តុលាការខេត្តស្ទឹងត្រែង ឃុំខ្លួនបុរសកាន់កាតកាសែត ៩នាក់ ក្រោមការចោទពីរករណី ពីបទកំហែងយក និងការជ្រៀតជ្រែកដោយខុសច្បាប់ ចូលទៅក្នុងការបំបេញមុខងារសាធារណៈ នៃក្រមព្រហ្មទ័ណ្ឌ

0

ខេត្តស្ទឹងត្រែង៖ បុរសកាន់កាតកាសែត ៩នាក់ ត្រូវបានតុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្តហើយ នៅល្ងាចថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ក្រោយពីកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់ខ្លួន កាលពីថ្ងៃទី៧កញ្ញា និងបានបញ្ជូនខ្លួនទៅតុលាការ កាលពីថ្ងៃ ៨កញ្ញា ពាក់ព័ន្ធនឹងការឃាត់រថយន្តដឹកឈើខ្នាតធំ ១គ្រឿង ទារលុយ ៤ពាន់ដុល្លារ ពីឈ្មួញដឹកឈើគ្រឿងផ្ទះចាស់នោះមក។

តុលាការខេត្តស្ទឹងត្រែង ត្រូវគេដឹងថា បានសាកសួរអ្នកកាសែតទាំង ៩នាក់នោះ អស់រយៈពេល៣ថ្ងៃ និងនៅថ្ងៃទី១០កញ្ញានេះ បានបញ្ជាកម្លាំងមានសមត្ថកិច្ច បញ្ជូនខ្លួនទៅដាក់ពន្ធនាគារខេត្ត ក្រោមការចោទប្រកាន់ពីរបទល្មើស គឺ «បទកំហែងយក តាមមាត្រា ៣៦៣-៣៦៤ និងការជ្រៀតជ្រែកដោយខុសច្បាប់ ចូលទៅក្នុងការបំពេញមុខងារសាធារណៈ តាមមាត្រា ៦០៩ នៃច្បាប់ក្រមព្រហ្មទណ្ឌ​»។

គួររំលឹកថា បុរសកាន់កាតកាសែតទាំង ៩នាក់ បានរងការឃាត់ខ្លួនពីកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការស្នើសុំសហការ ពីកម្លាំងស្នាក់ការសន្តិសុខអូរចង្ហារ ស្រុកឆែប ខេត្តព្រះវិហារ ពីបទចោទ ទារលុយ ៤ពាន់ដុល្លារ ពីម្ចាស់រថយន្តធន់ធំ ១គ្រឿង ដឹកឈើគ្រឿងផ្ទះចាស់ កាលពីថ្ងៃទី៧កញ្ញាឆ្នាំ២០២១ ដែលការឃាត់ខ្លួនអ្នកទាំង ៩នាក់នោះ ឃាត់នៅកន្លែងពីរផ្សេងគ្នា គឺ ២នាក់ ឃាត់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និង ៧នាក់ទៀត ឃាត់ខ្លួននៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គ្រាដែលបុរសកាន់កាតកាសែតទាំងនោះ បើករថយន្តចាកចេញពីខេត្តស្ទឹងត្រែង។

នៅមុនពេលសមត្ថកិច្ចឃាត់ខ្លួន គេបានដឹងថា បុរសកាន់កាតកាសែតមានគ្នា ១០នាក់ បានទៅបណ្តាក់គ្នាទាលុយពីឈ្មួញដឹកឈើគ្រឿងផ្ទះចាស់ ៤ពាន់ដុល្លារ នៅពេលទារមិនបានតាមបំណង ពួកគេក៏ប្តឹងទៅអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តស្ទឹងត្រែង ភ្លាមនោះកម្លាំងអាវុធហត្ថខេត្ត ក៏ចុះទៅដល់ ប៉ុន្តែ ក្រុមអ្នកកាសែត បានបើករថយន្តគេចចេញអស់ ដោយពុំដឹងពីមូលហេតុ។ ឃើញដូច្នេះ កម្លាំងអាវុធហត្ថបានតាមឃាត់ខ្លួន និងបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតុលាការខេត្តស្ទឹងត្រែង ចាត់ការបន្ត​។

ក្រោយការសាកសួរអស់ពេល ៣ថ្ងៃ គឺនៅថ្ងៃទី១០កញ្ញាឆ្នាំ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានចោទប្រកាន់ពីរបទល្មើស និងបានបញ្ជាកម្លាំងមានសមត្ថកិច្ច បញ្ជូនខ្លួនអ្នកកាសែតទាំង ៩នាក់ ដាក់ក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នោះហើយ៕ ដោយ៖ឡុង សំបូរ