ភ្នំពេញ ៖ បុរសជនជាតិជប៉ុនម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនស្រាប់តែមានម៉ូតូមួយគ្រឿងជិះដោយនារីម្នាក់បត់ឆ្វេងក៏បុកគ្នាចំពេញទំហឹងបណ្ដាលអោយនារីរូបនោះដួលបោកនិងថ្នល់រងរបួសធ្ងន់បែកក្បាលហូរឈាមចំណែកបុរសជនជាតិជប៉ុនរងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៤ ត្រង់ចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជនជាតិជប៉ុនម្នាក់ជិះម៉ូតូយ៉ាម៉ាហាមួយគ្រឿង ពណ៍ស្ករលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3279 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានម៉ូតូស្កុបពី ពណ៍សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CF-8317 ជិះដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចហើយក៏បានបត់ឆ្វេងឡើងទៅផ្លូវព្រះមុនីវង្ស ក៏បានបុកគ្នាចំពេញទំហឹងបណ្ដាលអោយនារីរងគ្រោះដួលម៉ូតូបោកនិងថ្នល់រងរបួសធ្ងន់បែកក្បាលហូរឈាម ចំណែកបុរសជនជាតិជប៉ុនរងរបួសស្រាល។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ និងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ហើយដំណាងភាគីរងរបួសធ្ងន់និងស្រាលបានធ្វើការសម្របសម្រួលគ្នាដោយព្រមចេញថ្លៃព្យាបាលដល់ជនរងគ្រោះដែលរងរបួសធ្ងន់ដើម្បីបញ្ចប់រឿង៕




































