ខេត្តស្វាយរៀង៖សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់ អាណត្តិទី ៥ ឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោក ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ គណបក្សខេត្ត អនុប្រធានប្រចាំការ គណៈបញ្ជការការយុទ្ធនាការបោះឆ្នោត រួមជាមួយលោក លោកស្រីក្រុមការងារគណបក្ស ពិសេស គណៈបញ្ជការយុទ្ធនាការបោះឆ្នោតថ្នាក់ខេត្ត ទាំងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់។
លោកជំទាវ បានក្រើនរំលឹក ឲ្យមានការយកចិត្តទុកដាក់ សហការបំពេញភារកិច្ច សម្រេចទទួលបានជោគជ័យ ជាបន្តបន្ទាប់ ក្នុងការចូលរួមដឹកនាំប្រយុទ្ធទប់ស្កាត់ជំងឺរាតក្បាតកូវីដ-១៩ ក៏ដូចជាការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ឲ្យកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកជំទាវ បានស្នើដល់លោក លោកស្រី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយខិតខំ ជំរុញអ្នកមិនទាន់បានចុះឈ្មោះ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ បានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេល នៃការរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០២១ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត គ្រប់ប្រធានគណៈកម្មការនីមួយៗ ចំណុះឲ្យខេត្តស្វាយរៀង ត្រូវរៀបចំផែនការសកម្មភាពលំអិតជាក់ស្តែង សម្រាប់ចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ រហូតដល់ចប់ដំណើរការបោះឆ្នោត ការត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ គឺធ្វើឡើងស្របតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍កណ្តាល ដែលការរៀបចំសន្និបាតគណបក្ស ឃុំ សង្កាត់ឲ្យបានរួចរាល់យ៉ាងយូរមុនបំណាច់ខែមករា ឆ្នាំ២០២២ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារនៅគ្រប់ឃុំ សង្កាត់ ចាប់ពីក្រោយសន្និបាតគណបក្ស ឃុំ សង្កាត់ រហូតដល់ថ្ងៃបើយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវជួយគាំទ្រដល់បេក្ខជន ដើម្បីម្ចាស់ការក្នុងការត្រៀមឯកសារ ស្តីពីស្នាដៃ ទិសដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អ ស្ថានភាព និងការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន សម្រាប់ធ្វើការឃោសនាតាមការកំណត់នៃច្បាប់ ជាពិសេស នៅក្នុងបរិការណ៍កូវីដ១៩នេះ សមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការចូលរួមទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ១៩ នៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ-៣ កុំ» ឲ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល ផ្តល់ជូនដោយឥតគិតថ្លៃឲ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី ដើម្បីជួយលើកកម្ពស់ក្នុងការចូលរួមចាត់តាំងអនុវត្តការងារ សម្រាប់ការងារបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕