ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ រួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីជួយទ្រទ្រង់លើវិស័យមនុស្សធម៌នៅកម្ពុជា

0

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី បានដឹកនាំមន្ត្រី និងថ្នាក់ដឹកនាំមន្ទីរ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីជួយទ្រទ្រង់លើវិស័យមនុស្ស ពិសេស ការជួយស្រោចស្រង់ជីវិតជនរងគ្រោះ និងអ្នកជំងឺដែលកំពុងខ្វះឈាម និងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅថ្ងៃទី១៣កញ្ញាឆ្នាំ២០២១នេះ។

ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី​ បានថ្លែងថា លោកស្រី រួមទាំងមន្ត្រីមន្ទីរ មានសោមនស្សរីករាយ ដោយបានសហការប្រកបដោយភាពវិជ្ជមាន ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកទ្រទ្រង់លើវិស័យមនុស្សធម៌នៅកម្ពុជា ពិសេស នៅក្នុងខេត្តព្រះវិហារ ដែលជាតម្រូវការចាំបាច់ក្នុងកាលៈទេសៈ ដែលមន្ទីរពេទ្យបង្អែកខេត្ត ខ្វះឈាមសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

លោកស្រី ហែម សុគុណពិសី បានសន្យាថា មន្ទីរព័ត៌មានខេត្ត នឹងបន្តបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនៅពេលក្រោយទៀត គ្រាដែលមន្ទីរពេទ្យបង្អែក ១៦មករា នៅតែមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។

លោកវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យបង្អែក ១៦មករា បានថ្លែង ចាត់ទុកការបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត នាពេលនេះ គឺពិតជាមានគុណតម្លៃយ៉ាងធំធេង ប្រកបដោយការស្ម័គ្រចិត្ត និងសប្បុរសធម៌ សម្រាប់ជួយទ្រទ្រង់លើវិស័យមនុស្សធម៌ និងសុខាភិបាលនៅកម្ពុជា ជាពិសេស សម្រាប់ខេត្តព្រះវិហារ។ លោកវេជ្ជបណ្ឌិតឯកទេស បានថ្លែងថា ការបរិច្ចាគឈាម គឺពុំមានប៉ះពាល់ដល់សុខភាពឡើយ ហើយឈាមដែលបានបូមមកនេះ ក៏ពុំបានធ្វើឲ្យមានការបាត់បង់ឈាមពីសរីរាង្គកាយនោះដែរ និងថែមទាំងបានធ្វើឲ្យរាងកាយមានភាពរឹងមាំ ថែមទៀតផង។

លោកបានបញ្ជាក់ថា អ្នកដែលអាចផ្តល់ឈាមបាន គឺជាមនុស្សដែលមានវ័យចាប់ពី ១៨ឆ្នាំ រហូតដល់វ័យ ៦០ឆ្នាំ និងមានទម្ងន់ចាប់ពី ៤៥គីឡូក្រាមឡើងទៅ ហើយអ្នកដែលត្រូវផ្តល់ឈាម គឺត្រូវតែមានសុខាភាពល្អប្រសើរ។ លោកបានបញ្ជាក់ទៀតថា នៅរយៈកាលកន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្ត ធ្លាប់បានចូលរួមបរិច្ចាគឈាម ជូនដល់មន្ទីរសុខាភិបាលខេត្ត ចំនួន ៤ លើករួចមកហើយ និងលើកនេះជាលើកទី៥ ដើម្បីត្រៀមទុកសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ដែលមានតម្រូវការឈាមជាចាំបាច់៕ ដោយ៖ឡុង សំបូរ