អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្តូរមុខតំណែង ស្នងការនគរបាលខេត្តសៀមរាប

0

ខេត្តសៀមរាប៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការនគរបាលខេត្តសៀមរាប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ​លោក អ៊ាន ឃុន អភិបាលខេត្តសៀមរាប ​លោក ទៀ សីហា មន្ត្រីមកពីគ្រប់ស្ថាប័នរដ្ឋ និងកងកម្លាំងទាំង ៣ក្នុងខេត្តសៀមរាប នាថ្ងៃទី១៣កញ្ញាឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ។

យោងតាមសេចក្តីសម្រេច លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត គឺជាស្នងការរងនគរបាលខេត្តសៀមរាប ត្រូវបានតែងតាំងមុខតំណែងថ្មី ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសមុខតំណែង លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ដែលត្រូវបានចូលនិវត្តន៍។

អគ្គស្នងការនគរបាលជាតិ ​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ការឡើងមកសច្ចាធ្វើការងារឲ្យបានល្អនោះ គឺដាច់ខាតយើងត្រូវតែធ្វើឲ្យបាន មិនមែនសន្យាចោលឡើយ ហើយការសន្យា និងការប្ដេជ្ញាចិត្ត គឺជាទ្រឹស្តី ប៉ុណ្ណោះ។ ប៉ុន្តែ ប្រការសំខាន់នោះ បើយើងចង់ឲ្យខេត្តសៀមរាប ទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនោះ គឺយើងត្រូវតែអនុវត្តជាក់ស្តែង ឲ្យកាន់តែមានប្រសិទ្ធភាពតាមការប្ដេជ្ញាចិត្ត  រួមទាំងកិច្ចសហប្រតិបត្តិការល្អ ពិសេស ក្នុងក្របខណ្ឌទូទាំងខេត្ត ការរក្សាចំណងសាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តបានល្អប្រសើរ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល នាពេលកន្លង។

អភិបាលខេត្តសៀមរាប​ លោក ទៀ សីហា បានថ្លែង ដោយសម្ដែងនូវកោតសរសើរ ចំពោះស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាពេលកន្លងមក ដែលបានលះបង់យ៉ាងច្រើនទាំងកម្លាំងកាយ កម្លាំងចិត្ត មិនថាយប់ឬថ្ងៃឡើយ ដើម្បីការពារនៅផលប្រយោជន៍រួមរបស់ជាតិ និងការអនុវត្តកិច្ចការងាររបស់ខេត្តសៀមរាប ជាពិសេស គឺការគ្រប់គ្រងកងកម្លាំងនៅស្នងការដ្ឋាន និងអធិការដ្ឋាន នៅតាមបណ្តាក្រុង-ស្រុកទាំង១២ បានយ៉ាងល្អ ព្រមទាំងការបម្រើសេវាកម្ម ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាទៀតផង។

លោក ទៀ សីហា បានថ្លែង ដោយសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលកាន់តំណែងថ្មី នៃស្នងការនគរបាលខេត្តសៀមរាប របស់លោកឧត្តមសេនីយ៍ត្រី តេង ចន័្ទណាត នឹងបន្តថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាព នយោបាយ នៃខេត្តសៀមរាបទាំងមូល បានកាន់តែល្អប្រសើរឡើង ថែមទៀត ៕ ដោយ៖ឡុង សំបូរ