សមត្ថកិច្ចខេត្តក្រចេះ កំពុងមើលរំលងពីការដឹកជញ្ជូនឈើតាមម៉ូតូ ឆ្លងតាមទូកដរពីត្រើយខាងលិច មកត្រើយខាងកើតទន្លេមេគង្គ ដាក់នៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ បានយ៉ាងរលូន និងគ្មានការបង្ក្រាប

0

ខេត្តក្រចេះ៖ សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿង ឆ្លងតាមទូកដរពីឃុំវឌ្ឍនៈ មកដាក់និងដឹកចេញយកទៅលក់បន្ត នៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវគេកត់សម្គាល់ឃើញថា តែងកើតឡើងជារៀងរាល់ថ្ងៃ និងសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិទាំងនេះ អាជ្ញាធរមានសមត្ថកិច្ច ពិសេស មន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងមូលដ្ឋាននោះ ហាក់មើលរំលង និងបណ្តែតបណ្តោយក្រុមឈ្មួញ ប្រព្រឹត្តបទល្មើសបានយ៉ាងរលូន។

សេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿង ឆ្លងតាមទូកដរ ពីឃុំវឌ្ឍនៈ ដីត្រើយខាងលិច នាំយកមកដាក់នៅឃុំសណ្តាន់ ដីត្រើយខាងកើតទន្លេមេគង្គ គឺតែងកើតឡើងជារៀងរាល់ថ្ងៃ ដោយគ្មានការរំខាន ឬមានការចុះទប់ស្កាត់ បង្ក្រាបពីអាជ្ញាធរមានសមត្ថិច្ច ពិសេស មន្ត្រីរដ្ឋបាលព្រៃឈើ នៅក្នុងឃុំសំបូរ និងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ នោះឡើយ។ ហើយឈើដែលក្រុមឈ្មួញដឹកឆ្លងពីត្រើយខាងលិច មកត្រើយខាងកើតទន្លេទាំងនោះ យកទៅចែកចាយតាមរោងសិប្បកម្ម នៅក្នុងស្រុកសំបូរ និងក្រុងក្រចេះ ខេត្តក្រចេះ បានយ៉ាងរំភើយ ដោយគ្មានការរំខានពីសមត្ថកិច្ចនោះឡើយ ៕