អភិបាលស្រុកស្ទោងអំពាវនាវអោយអាជីវករទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ទាំងអស់គ្នា

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវអោយអាជីវករទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ទាំងអស់គ្នា

លោក សាយ គឹមឡម បានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកនិងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលស្ថានភាពលក់ដូររបស់បងប្អូនអាជីវករក្នុងផ្សាសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងឃុំកំពង់ចិនត្បូង  ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់បងប្អូនអាជីវករក្នុងផ្សារទាំងពីរខាងលើ  លោកសាយ គឹមឡម  បានជំរុញអោយបងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មនៅទីនេះត្រូវចូលរួមទាំងអស់គ្នាក្ក្នុងការទប់ស្កាត់កាឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩អោយខានតែបាន។ 

លោកបានបន្ថែមថាមានតែយើងទាំងអស់គ្នា សហការគ្នាចូលរួមទាំងអស់គ្នាទេទើបអាចកម្ចាត់មេរោគកូវីដ-១៩បានឆាប់រហ័សបំផុត។ 

លើសពីនេះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់អាជីវករទាំងអស់ដែលបានទៅទទួលការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩គ្រប់ៗគ្នា ដែលជាការជួយបង្កើនភាពស៊ាំក្នុងសង្គម ហើយសុំអោយបងប្អូនបន្តអនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តអោយបានជាប់ជាប្រចាំ នូវវិធានបីការពារ បីកុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងមិនត្រូវភ្លេចខ្លួនជាដាច់ខាតជាមួយកូវីដ១៩ ត្រូវពាក់ម៉ាសការពារនិងប្រើប្រាស់ទឹកអាល់កុលលាងសម្អាតដៃជានិច្ច។

លោក សាយ គឹមឡម បានបញ្ចាក់ថា  នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកស្ទោង នឹងចុះបាញ់ថ្នាំសម្លាប់មេរោគនៅផ្សារសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ សំដៅកាត់ផ្តាច់ការឆ្លងករណីថ្មីនៃមេរោគកូវីដ១៩ ក្នុងសហគមន៍ក៏ដូចជាការត្រៀមលក្ខណៈក្នុងការបើកអោយដំណើរការសាលារៀនសាកល្បងក្នុងស្រុកស្ទោងនៅថ្ងែទី២០ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ 

ហេតុដូច្នេះសូមអាជីវករទាំងអស់ជ្រាបជាដំណឹង និងសហការដោយការយោគយល់និងទទួលខុស

ត្រូវទាំងអស់គ្នានិងផ្អាកការលក់ដូរមួយថ្ងៃដើម្បីឲ្យក្រុមការងារបាញ់ថ្នាំបានងាយស្រួល។