លោកជំទាវ បាន ស្រីមុំ អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់សាលាបឋមសិក្សា អនុវិទ្យាល័យ ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តដល់ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ចាប់ពីសាលាបឋមសិក្សា រហូតដល់វិទ្យាល័យ នៅទូទាំងខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន រួមនិងអភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គណៈគ្រប់គ្រងសាលាបឋមសិក្សា អនុវិទ្យាល័យ ចំនួន ៨សាលា ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ។ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ទោះបីជាការស្ថានភាពជំងឺកូវីដ ១៩ មានសភាពធូរស្រាលបន្តិច ក៏ពិតមែន ហើយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យដំណើរការ ចូលរៀនឡើងវិញមែន ក៍ប៉ុន្តែយើងមិនអាចមើលស្រាលជំងឺកូវីដ ១៩ បាននោះឡើង ។លោកជំទាវអភិបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រឹងប្រែងយកចិត្តទុកដាក់ការបង្រៀនសិស្សានុសិស្ស បើទោះបីពេលខ្លះជួបបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ នៅតែពុះពារបន្តការបង្រៀននេះ រហូតមកពេលនេះ ។ ជាមួយគ្នានោះដែរ លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានថ្លែងការសរសើរ ចំពោះមាតាបិតាសិស្ស ដែលបានចូលរួមជាមួយកម្មវិធីអប់រំ របស់ក្រសួងអប់រំ និងធ្វើការជំរុញកូនៗឱ្យបានរៀនតាមប្រព័ន្ធអនឡាញទៀតផង។ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សូមមេត្តាបន្តការផ្សព្វផ្សាយ តាមមូលដ្ឋាន ចំពោះយុទ្ធនាការចាក់វ៉ាកសាំងកូវីដ១៩ ជូនដល់កុមារ ដែលមានអាយុ៦ឆ្នាំដល់អាយុ១២ឆ្នាំ ដែលនិងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខផងដែរ ។

សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនដល់សាលាទាំង៨ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ រួមមាន៖ សាលាបឋមសិក្សាអូរតាពុក សាលាបឋមសិក្សាអូរតាវ៉ៅ សាលាបឋមសិក្សាក្រចាប់ សាលាបឋមសិក្សាទូលល្វា សាលាបឋមសិក្សាសាលាក្រៅ សាលាមត្តេយ្យធនធានសាលាក្រៅ អនុវិទ្យាល័យ ហ៊ុន សែន ភ្នំកុយ និងសាលាបឋមសិក្សាភ្នំកុយ ដែលសាលាទាំងនោះទទួលម៉ាស់ អាល់កុលឬជែល សាប៊ូលាងដែ ទឹកសុទ្ធ និងថវិកា៥០ម៉ឺនរៀលផងដែរ៕