ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឯ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ នៅក្រុងសួង និងស្រុកត្បូងឃ្មុំ ព្រមទាំងបាននាំយកស្បៀងអាហារ និងថវិកាផ្តល់ជូនកងកម្លាំងដែលកំពុងឈរជើងការពារផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅបិទខ្ទប់នេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ ៣ការពារ ២កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសផុតពីជំងឺដ៏អន្តរាយនេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២គោលដៅ លេីទីតាំងបិទខ្ទប់២ខាងលើ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស២កេស អាកុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល ។
ដោយឡែកក្នុងឱកាសនោះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងក្រុមការងារ ក៏បានបន្តចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ដើម្បីក្តាប់ពីទំហំនៃការខូចខាត ងាយស្រួលក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ ក៏ដូចជាបន្តចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ផងដែរ ៕






































