(ប៉ៃលិន)៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតី ក្នុងការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានពន្ធនាគារខេត្តប៉ៃលិន ជំនួសប្រធានពន្ធនាគារចាស់ ដែលត្រូវទៅកាន់មុខតំណែងថ្មី ។ ពិធីនេះប្រារព្វធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ទោស្នងការខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន អនុរក្សពន្ធនាគារ ជាច្រើនរូប ដោយពិធីនេះត្រូវបានធ្វើឡើង ដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។
បន្ទាប់ពីគណៈចាត់តាំងកម្មវិធីប្រកាសតែងតាំងរួចមក លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ រ័ត្ន ទី ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំរបស់អ្នកចាស់ ដោយខិតខំរិះរកបង្កើតគំនិតឆ្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាព ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រ របស់អគ្គនាយករដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌ របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាព ការអប់រំស្ថានីតិសម្បទា ជនជាប់ឃុំផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះដែរឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីខ្លួនឯង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគៀបសង្កត់អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាច់ខាត បើគ្មានការអនុញ្ញាត និងលិខិតស្នាមត្រឹមត្រូវឡើយ ហើយក៍មិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារ ដោយគ្មានលិខិតស្នាមចេញពីស្ថាប័នតុលាការឡើយ។ជាមួយគ្នានេះ ត្រូវរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ នៅក្នុងពន្ធនាគារ ហើយមន្ត្រីពន្ធនាគារ ត្រូវទប់ស្កាត់ការជ្រាបចូល នូវអ្វីដែលហាមឃាត់ ដូចជារបស់ប៉ះពាល់សុខសុវត្ថិភាព ដល់អ្នកជាប់ឃុំ ការទប់ស្កាត់គ្រឿងញៀន និងទប់ស្កាត់គ្រឿងស្រវឹងផងដែរ។
សូមជម្រាបផងដែរថា៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ រ័ត្ន ទី ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាប្រធានពន្ធនាគារថ្មី នៃពន្ធនាគារខេត្តប៉ៃលិន ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា ដែលត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃផងដែរ៕







































