ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង-ស្រុកទាំង៨ បានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ នូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើនឲ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
រដ្ឋបាលខេត្តបានបន្តថា ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាមួយអាជ្ញាធរឃុំ-សង្កាត់ ក្នុងក្រុង និងស្រុក ក្នុងខេត្តព្រះវិហារ។
រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវដល់មាតា បិតា ឬ អាណាព្យាបាល ដែលរស់នៅតាមបណ្តាក្រុង-ស្រុកទាំង៨ ត្រូវនាំកូនដែលមានអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ទៅទទួលយកការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ នៅតាមទីតាំងដែលរដ្ឋបាលក្រុង-ស្រុក ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ តទៅ ដែលមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសទី១ ដោយដំណើរការ នៅពេលព្រឹក ចាប់ពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង ១១ និង៣០នាទី និងនៅពេលរសៀល ចាប់ពីម៉ោង ១ និង៣០នាទី ដល់ម៉ោង ៥ និង៣០នាទីល្ងាច។
ជាមួយគ្នានេះ មាតា បិតា ឬ អាណាព្យាបាលកុមារដែលមានអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ត្រូវនាំយកកូនមកចូលរួមចាក់វ៉ាក់សាំងតាមទីតាំងនីមួយៗ ជៀសវាងការប្រមូលផ្តុំគ្នា ដែលបង្ករហានីភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការអនាម័យ រក្សាគម្លាត និងពាក់ម៉ាសឲ្យបានគ្រប់ៗគ្នា ពេលមកទទួលការចាក់វ៉ាក់សាំង ។
ចំពោះទីតាំងដែលត្រូវចាក់វ៉ាក់សាំង ១-ស្រុកជ័យសែន ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ នៅ (មណ្ឌលសុខភាពស្អាង ស្ថិតក្នុងឃុំស្អាង ,មណ្ឌលសុខភាពពើក ស្ថិតក្នុងឃុំពុទ្រា និងមណ្ឌលសុខភាពច្រាច់ ស្ថិតក្នុងឃុំច្រាច់)។ ២-ស្រុកសង្គមថ្មី ២ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ នៅ (បរិវេណសាលាស្រុកសង្គមថ្មី និងវត្តប្រសាទព្រះខ័ន ស្ថិតក្នុងឃុំរណសិរ្ស) ។ ៣-ស្រុកជាំក្សាន្ត ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ (មណ្ឌលសុខភាពស្រអែម ស្ថិតក្នុងឃុំស្រអែម ,ស្នាក់ការគណបក្សប្រជាជនស្រុកជាំក្សាន្ត និងសាលាបឋមសិក្សាសាមគ្គីរបុញ) , ៤-ស្រុកគូលែន ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ នៅ(មណ្ឌលសុខភាពកោះកេរ ស្ថិតក្នុងឃុំស្រយង់ ,ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងឃុំគូលែនត្បូង និងសាលាឃុំថ្មី) ,៥-ស្រុកឆែប ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ នៅ(មណ្ឌលសុខភាពឆែប ស្ថិតក្នុងឃុំឆែប១ ,ដំណើរការចាក់ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពម្លូរព្រៃ ឃុំម្លូរព្រៃ១ និងនៅមណ្ឌលសុខភាពកំពង់ស្រឡៅ១ ស្ថិតក្នុងឃុំកំពង់ស្រឡៅ១) ,៦-ក្រុងព្រះវិហារ ១ទីតាំង ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅ(មន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ) , ៧-ស្រុកត្បែងមានជ័យ ១ទីតាំង ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅ(ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បែងមានជ័យ) និង ៨-ស្រុករវៀង ៣ទីតាំង ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ (មណ្ឌលសុខភាពរវៀង ឃុំរបៀប ,មណ្ឌលសុខភាពភ្នំដែក ឃុំរមណី និងដំណើរការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៩កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពឈ្នួន ស្ថិតក្នុងឃុំរួសរាន់)៕ ដោយ៖ឡុង សំបូរ