ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ នៅក្នុងក្រុង-ស្រុកទាំង៨ នៃខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងខេត្ត រួមទាំងប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ នៅក្នុងក្រុង-ស្រុកទាំង៨​ នៃខេត្តព្រះវិហារ នារសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំង៨ ក្រុង-ស្រុកទូទាំងខេត្តនាពេលនេះ គឺក្រោមការគិតគូ យកចិត្តទុកដាក់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេស ជំងឺកូវីដ បំប្លែងថ្មី Delta កុំឲ្យបន្តឆ្លងចូលសហគមន៍ក្នុងខេត្ត ។

លោកអភិបាលខេត្ត បានក្រើនរំលឹកដល់មាតា បិតា ឬ អាណាព្យាបាលកុមារ ដែលមានអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ត្រូវនាំកូនចៅដែលស្ថិតក្នុងវ័យកំណត់ នាំមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ហើយត្រូវគ្នាបន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ បីការពារបីកុំ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

មាតា បិតា ដែលជាអាណាព្យាបាលកុមារទាំងអស់ បានសម្តែងការអរគុណ និងដឹងគុណ ចំពោះអាជ្ញាធរខេត្តព្រះវិហារ ជាពិសេស សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងបានគិតគូយកចិត្តទុកដាក់ខ្ពស់ ចំពោះភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា។

គួរបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ទីតាំងដែលត្រូវរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត មានចំនួន ១៩ទីតាំង ក្នុងនោះ ១-ស្រុកជ័យសែន ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ នៅ (មណ្ឌលសុខភាពស្អាង ស្ថិតក្នុងឃុំស្អាង ,មណ្ឌលសុខភាពពើក ស្ថិតក្នុងឃុំពុទ្រា និងមណ្ឌលសុខភាពច្រាច់ ស្ថិតក្នុងឃុំច្រាច់)។ ២-ស្រុកសង្គមថ្មី ២ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ ​នៅ (បរិវេណសាលាស្រុកសង្គមថ្មី និងវត្តប្រសាទព្រះខ័ន ស្ថិតក្នុងឃុំរណសិរ្ស) ។ ៣-ស្រុកជាំក្សាន្ត ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ (មណ្ឌលសុខភាពស្រអែម ស្ថិតក្នុងឃុំស្រអែម ,ស្នាក់ការគណបក្សប្រជាជនស្រុកជាំក្សាន្ត និងសាលាបឋមសិក្សាសាមគ្គីរបុញ) , ៤-ស្រុកគូលែន ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ នៅ(មណ្ឌលសុខភាពកោះកេរ ស្ថិតក្នុងឃុំស្រយង់ ,ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងឃុំគូលែនត្បូង និងសាលាឃុំថ្មី) ,៥-ស្រុកឆែប ៣ទីតាំង ដំណើរការចាក់ ចាប់ពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១ ​នៅ(មណ្ឌលសុខភាពឆែប ស្ថិតក្នុងឃុំឆែប១ ,ដំណើរការចាក់ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពម្លូរព្រៃ ឃុំម្លូរព្រៃ១ និងនៅមណ្ឌលសុខភាពកំពង់ស្រឡៅ១ ស្ថិតក្នុងឃុំកំពង់ស្រឡៅ១) ,៦-ក្រុងព្រះវិហារ ១ទីតាំង ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ នៅ(មន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ) , ៧-ស្រុកត្បែងមានជ័យ ១ទីតាំង ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ ​នៅ(ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកត្បែងមានជ័យ) និង ៨-ស្រុករវៀង ៣ទីតាំង ដំណើរការចាក់ ចាប់ពីថ្ងៃទី១៨កញ្ញាឆ្នាំ២០២១ (មណ្ឌលសុខភាពរវៀង ឃុំរបៀប ,មណ្ឌលសុខភាពភ្នំដែក ឃុំរមណី និងដំណើរការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៩កញ្ញាឆ្នាំ២០២១ នៅមណ្ឌលសុខភាពឈ្នួន ស្ថិតក្នុងឃុំរួសរាន់)៕​ ដោយ៖ឡុង សំបូរ