រាជធានៅភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជាយុទ្ធនាការ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ១៩។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ ធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ។
ការប្រកាសបើកយុទ្ធនការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវយកទៅចាក់វ៉ាក់សាំងបើកយុទ្ធនាការនេះ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេង ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៥ ខែកញ្ញា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រើសម្រាប់ចាក់ជូនកុមារអាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន។ ចំពោះកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះមានចំនួនប្រមាណ ១លាន ៨០ម៉ឺននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំ ដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ។ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា «ដើម្បីឱ្យកុមារត្រូវចូលរៀនបឋមសិក្សា អាចនឹងចូលរៀនបឋមសិក្សាបាន ដោយគ្មានការភ័យខ្លាច ព្រោះពួកគេបានទទួលវ៉ាក់សាំង។ បើមិនដូច្នោះទេយើងនៅចន្លោះក្នុងរង្វង់ពី៦ ទៅ ១២ឆ្នាំ ដែលមុននេះយើងតម្រូវសម្រាប់អនុវិទ្យាសល័យ តែយើងធ្វើតាមជំហាន ហើយជំហានបន្តទៀត យើងក៏កំពុងគិតសម្រាប់ក្មេងនៅមត្តេយ្យ ក្នុងរង្វង់អាយុ៣ ទៅ ៦ឆ្នាំវិញ ដែលនោះចាត់ទុកជាជំហានបន្ទាប់មួយទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមនៅលើទំព័រ Facebook ថា អនាគតរបស់ទាំងជីវិត ទាំងសុខភាព និងការសិក្សារបស់ពួកគេ គឺជាកិច្ចការសំខាន់ជាងគេដែលត្រូវធ្វើ ហើយការសម្រេចចាក់វ៉ាក់សាំងជូនកុមារ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាន នូវការសិក្សារៀនសូត្ររបស់ពួកគេ។ល។
ទន្ទឹមនឹងការបើកយុទ្ធនាការផ្តល់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងធ្វើសន្និសីទព័ត៌មានបង្ហាញពីស្ថានភាពសង្គម និងការងារប្រយុទ្ធប្រឆាំងនឹងសង្គ្រាមកូវីដ១៩នេះផងដែរ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ និងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងលើ។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងន ចំនួន ៩.៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្មើនឹង ៩៧.៨៨ភាគរយ។ ក្នុងនោះអ្នកចាក់ដូសទី២ មានចំនួនជាង ៨.៧លាននាក់។
យុទ្ធនាការលើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហាឆ្នាំ២០២១ គឺការចាក់ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមានចំនួនប្រមាណជា ២លាននាក់។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា មានកុមារ និងយុវវ័យជាង ១១.៥លាននាក់ បានចាក់វ៉ាក់សាំង ស្មើនឹងប្រមាណ ៨៧.៣៨ភាគរយ។ ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួនជាង ១លាន ១៦ម៉ឺននាក់។
នៅក្នុងបេសកកម្មការពារអាយុជីវិតប្រជាពលរដ្ឋ ពីការយាយីដោយមេរោគកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានឈានដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញជូនប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ជនជួរមុខ និងជនអាទិភាពសរុបជិត ៨០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងដូសទី៣ ហើយ រាជរដ្ឋាភិបាល គ្រោងនឹងបើកយុទ្ធនាការចាក់ដូសទី៣ ជូនប្រជាពលរដ្ឋទូទៅ នៅអំឡុងខែតុលាឆ្នាំ២០២១ ខាងមុខនេះ។
ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសដែលរកបានវ៉ាក់សាំងយ៉ាងច្រើន មកចាក់ជូនប្រជាពលរដ្ឋ ក្រោមការជួយជ្រោមជ្រែងលើការផ្គត់ផ្គង់ វ៉ាក់សាំងពីប្រទេសចិន។ ក្នុងចំណោមវ៉ាក់សាំងប្រមាណ ៣០លានដូស ដែលកម្ពុជារកបាននោះ មានរហូតដល់ទៅប្រមាណ ២៧លានដូស ជាវ៉ាក់សាំងមកពីប្រទេសចិន៕