សម្តេចតេជោហ៊ុន សែន ប្រកាសបន្ដធ្វើនាយករដ្ឋមន្ដ្រី គ្មានពេលកំណត់ ដើម្បីការពាររបបរាជានិយម និងការពាររាជបល្ល័ង្គ

0

រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានប្រកាសពីការបន្ដធ្វើជានាយករដ្ឋមន្ដ្រី គ្មានពេលកំណត់ គឺដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ ខណៈដែលមានក្រុមមេឧទ្ទាម ថាសម្តេចបានវះកាត់ស្លាប់ ។

ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព ។ សម្តេច បានមានប្រសាសន៍ទៀតថា មេឧទ្ទាមនៅក្រៅប្រទេស បានរកវិធីសាស្ដ្រគ្រប់បែបយ៉ាង ដើម្បីបំផ្លាញសម្ដេច តែបំផ្លាញមិនរួច ។ សម្តេចតេជោបន្តថា មានអ្នកខ្លះរកវិធីបំផ្លាញ សម្តេចដោយថា សម្តេចបានស្លាប់បាត់ទៅហើយ សម្តេចបានរៀបវះកាត់ ហើយត្រូវតែប្រគល់អំណាចទៅឱ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជាវិញ ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា ប៉ុលពត ក៏រកវិធីបំផ្លាញ សម្ដេចដែរ ប៉ុន្ដែ ត្រូវចាញ់ក្នុងដៃរបស់សម្ដេច ទៅវិញ ។ សម្ដេច ក៏បានផ្ដាំផ្ញើទៅដល់អ្នកវិភាគ ត្រូវធ្វើជាទស្សនវិទូឱ្យបានត្រឹមត្រូវ កុំធ្វើជាអាល្ងង់ទូ។ សម្ដេចតេជោ ក៏បានប្រកាសទៀតថា សម្ដេចនឹងបន្ដធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ ខណៈដែលពួកក្រុមឧទ្ទាមទាំងអស់នេះ គឺខ្លាចតែសម្តេចទេ ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា « ឧបមាថា ខ្ញុំវះកាត់ទៅចុះ បើខ្ញុំមិនទាន់ស្លាប់ទេ វះក៏វះទៅ តែមិនទាន់ស្លាប់ផង បង្ខំទៅណា បើហ៊ុន សែន នៅធ្វើនាយករដ្ឋមន្ដ្រី។ ហើយខ្ញុំសូមប្រកាសសាជាថ្មី មូលហេតុខ្ញុំប្រកាសថា ធ្វើនាយករដ្ឋមន្ដ្រី គ្មានការកំណត់ ចាប់ផ្ដើមពីអី? ចាប់ផ្ដើមពីមានមេឧទ្ទាមម្នាក់ចេញមកប្រកាសថា របបរាជានិយម នៅកម្ពុជានឹងរលាយ នៅពេលហ៊ុន សែន អស់អំណាច ដូចអ៊ីតាលី ចឹង ។ ខ្ញុំនៅទីនេះដោយគ្មានការកំណត់រយៈពេល ដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ។ ព្រោះថា សត្វចង្រៃអស់នេះ វាខ្លាចជាងគេគឺខ្លាច ហ៊ុន សែន តែម្ដងមាន ហ៊ុន សែន រាជបល្ល័ង្គគង់វង្ស »៕