ខេត្តបាត់ដំបង៖ អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកឧបករណ៍ និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ មកបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ លេខ៧០៥ របស់យោធភូមិភាគទី៥ នៅក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៧កញ្ញាឆ្នាំ២០២១។
នៅក្នុងពិធីបំពាក់ឧបករណ៍ និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយ ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ លេខ៧០៥ នៃយោធភូមិភាគទី៥ របស់នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម នាគ្រានោះ ក៏មានការចូលរួមពី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) លោក ឡាំ ហេងហួត ដែលជាអគ្គលេខាធិការ ,លោកទីប្រឹក្សា និងលោកអគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ផងនោះដែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ថា សម្ភារ:ទាំងអស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលត្រូវបំពាក់ជូនកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ លេខ៧០៥ របស់យោធភូមិភាគទី៥ នៅពេលនោះ មានឧបករណ៍ និងសម្ភារៈសង្គ្រោះគ្រោះមហន្តរាយជាច្រើនមុខ សម្រាប់ជាជំនួយដល់កម្លាំងសរុប ១២០នាក់ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់ក្នុងការត្រៀមឆ្លើយតប និងសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា ៕