ខេត្តព្រះវិហារ៖ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់សមាជិក សមាជិកាបក្សប្រជាជន ក៏ដូចប្រជាពលរដ្ឋខេត្តព្រះវិហារ ឲ្យបន្តរួមគ្នាអនុវត្តតាមវិធានការ បីការពារបីកុំ ដែលដាក់ចេញដោយ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងការអនុវត្តវិធានការនានា របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ព្រោះថា ជំងឺកូវីដ-១៩ នៅក្បែរយើងគ្រប់ពេលវេលា ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹករបស់ លោកទេសរដ្ឋមន្ត្រី មាស សុភា ក្នុងគ្រាអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដើម្បីឆ្លងការងារចាត់តាំង និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពី ការងារឃោសនាបោះឆ្នោត ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សខេត្តព្រះវិហារ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា ថ្នាក់ដឹកនាំបក្ស និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាខេត្ត ក្រុង-ស្រុក គ្រប់លំដាប់ថ្នាក់ ផងដែរ។
ទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការកសាងបាននូវសមិទ្ធផលនានាជាច្រើនអនេក បើទោះបីនៅក្នុងស្ថានភាព ដែលពិភពលោកទាំងមូល និងកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ។ ប៉ុន្តែ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពជឿជាក់របស់ សម្តេចតេជោ ហ៊ុន សែន សម្តេចបានប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកំណែទម្រង់កាន់តែស៊ីជម្រៅ បន្ថែមទៀត សំដៅកសាងបាន នូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ឲ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិជំងឺកូវីដ១៩នេះ នាពេលអនាគត។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាជំហានៗ និងប្រកបដោយភាពជឿជាក់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស ដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩ និងការអនុវត្តនូវយុទ្ធសាស្រ្តបីសំខាន់ៗ គឺ ការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង ហើយដៃម្ខាងទៀត គឺការអនុវត្តគោលនយោបាយ រក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងធុរៈកិច្ចគ្រប់វិស័យ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងសេដ្ឋកិច្ច។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្រ្ត នៃយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាក់ស្រោចវ៉ាក់សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុ ១៨ឆ្នាំ និងកំពុងដំណើរការចាក់ដូសជំរុញ ដូសទី៣ ដល់មន្រ្តីរាជការ កងកម្លាំងជួរមុខ ប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង គឺចាក់បានជិត១០០ ភាគរយ កុមារ និងវ័យជំទង់ អាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ ចាក់បានប្រមាណ ៩០ភាគរយ ព្រមទាំងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារអាយុ ៦ឆ្នាំ ដល់អាយុ ១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ដើម្បីបង្កើតភាពស៊ាំក្នុងសង្គម ពន្លឿនការបើកសង្គម សេដ្ឋកិច្ច និងការបើកឲ្យដំណើរការសាលារៀនឡើងវិញ។
ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត ត្រូវរួមគ្នាបន្តអនុវត្តន៍តាមផែនការ ដែលបានដាក់ចុះដោយថ្នាក់ដឹកនាំកំពូល បក្សប្រជាជនកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ និងទទួលបានភាពជោគជ័យ លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។ លើសពីនេះទៀត ក៏ត្រូវរួមគ្នាបន្តអនុវត្តវិធានការ បីការពារបីកុំ ឲ្យបានខ្ជាប់ខ្ជួន បើទោះបីទទួលបានការចាក់វ៉ាក់សាំង រួចហើយក៏ដោយចុះ ។
បន្ទាប់មក លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានអញ្ជើញប្រគល់សេចក្តីសម្រេចជូន លោក មួង ឃីម និងលោកបណ្ឌិត ហ៊ុន វឌ្ឍនា ដែលត្រូវបានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត និងបានសម្រេចតែងតាំងធ្វើជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ៕ ដោយ៖ឡុង សំបូរ