អភិបាលខេត្តកំពង់ធំ ប្រគល់សម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ ជូនដល់សាលារៀនដែលនឹងបើកឲ្យដំណើរការចូលរៀនសាកល្បងចំនួន ២៨៧សាលា ទូទាំងខេត្តកំពង់ធំ នៅថ្ងៃស្អែកនេះ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ព្រមទាំងបានប្រគល់សម្ភារៈប្រឆាំងនឹងជំងឺកូវីដ១៩ រួមមាន ម៉ាស អាល់កុល និងសាប៊ូលាងដៃ ជូនដល់ការិយាល័យអប់រំទាំង ៩ក្រុងស្រុក ទូទាំងខេត្តកំពង់ធំ ដើម្បីយកទៅចែកជូនបន្តដល់នាយកសាលាវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា សរុបប្រមាណ ២៨៧សាលា ដែលនឹងបើកឲ្យដំណើរការចូលរៀនសាកល្បងនៅព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២១ ដែលជាជំហានដំបូង ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមសាលារៀន។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ជានាយកវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា ទាំងអស់ ត្រូវណែនាំដល់សិស្សានុសិស្ស ជៀសអោយផុតពីការឆ្លង ជំងឺកូ វីដ-១៩ ដោយរៀនរស់ក្នុងបរិបទថ្មីសម័យកូវីដ និងចូលរួម អនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ការពារ និង ៣កុំ ” របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ច ពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល -ការពារខ្លួនឯង-ស្មើនឹងការពារក្រុមគ្រួសាររបស់យើង។