ពលរដ្ឋលើកគ្នាតវ៉ាបណ្ដាលអោយស្ទះផ្លូវ រឿងទំនាស់ដីធ្លី ត្រង់ចំណុចក្បាលដំរី ព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់បន្ទាប់ពីប្រជា

ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋជាច្រើនរយនាក់បានលើកគ្នាតវ៉ាផ្លូវបិទផ្លូវជាតិលេខ 5 ត្រង់ចំណុចភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងជាប់ព្រំប្រទល់ស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្ដាលឲ្យស្ទះចរាចរណ៍ជាង 2ម៉ោង។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2021យ៉ាងនេះក្រោយពីមានការសម្របសម្រួលប្រជាពលរដ្ឋព្រមបើកផ្លូវឲ្យដំណើរការវិញហើយ ។

លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ឲ្យដឹងថា វិវាទដីធ្លី រវាងប្រជាពលរដ្ឋចំនួន 4 ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាមួយរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានអូសបន្លាយជាច្រើនឆ្នាំណាស់មកហើយ ដោយមានការសម្របសម្រួលដោះស្រាយជាច្រើនលើក
ច្រើនសារ ប៉ុន្តែមិនត្រូវគ្នា និងចុងក្រោយដោយមានការឈូសដីស្រែប្រាំងរបស់ពួកគាត់ទៀតផងទើបមានការតវ៉ាបិទផ្លូវ បែបនេះ។

អភិបាលរងស្រុកបរិបូណ៌បានបញ្ជាក់ពីប្រវត្តិ នៃដីទំនាស់នេះថា ជាច្រើនឆ្នាំណាស់មកហើយ ប្រជាពលរដ្ឋចំនួន 4 ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានទៅធ្វើស្រែប្រាំងនៅ ចំណុចចាន់ជ្វា ចាន់ត្រក ខ្មោចម៉ារាម និងទូកមាស ជាដើម ដែលជាទឹកដី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍ សាត់។ ពួកគាត់ មានផ្ទៃដីស្រែប្រាំង ក្នុងម្នាក់ៗ ចាប់ពី1ហិតាឡើងដល់ 3 ទៅ
4 ហិតា ប៉ុន្តែក្រោយមករដ្ឋបាលខេត្ត ពោធិ៍សាត់បានសម្រេចរឹបអូសយកដី ទាំងនោះវិញ ព្រោះជាទឹកដី គ្រប់គ្រងដោយរដ្ឋបាលខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋ ដែលអាស្រ័យផលលើដី ទាំងនោះ លើកឡើងថាជីវិតរបស់ពួកគាត់ រស់លើជង្រុកស្រូវស្រែប្រាំង នោះហើយ បើដកដីពីពួកគាត់ដូចឱ្យគាត់ស្លាប់យ៉ាងដូច្នេះ។

លុះក្រោយពីការតវ៉ាជាបន្តបន្ទាប់ជាច្រើន
លើកច្រើនសារ និងលើកចុងក្រោយ មក រដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានសម្រេចប្រគល់ដីចំនួនកន្លះ ហិតាឲ្យពួកគាត់ ក្នុងមួយគ្រួសារៗ គឺក្បាល 50 និងបណ្ដោយ 100 ម៉ែត្រជាដីឡូតិ៍ ដែលពួកគាត់មិនអាចធ្វើស្រែប្រាំងបានឡើយ មិនត្រឹម
តែប៉ុណ្ណោះថ្មីៗនេះរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានដាក់
គ្រឿងចក្រមកឈូសឆាយលើស្រែប្រាំងរបស់ពួកគាត់ ដោយលើកជាផ្លូវដាក់បង្គោលភ្លើង ក្នុងគម្រោងអ្វីមួយ មិនអាចយល់បានព្រោះជាទឹកដីរបស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ។

ក្នុងនាមលោកជារដ្ឋបាលស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងបានត្រឹមតែចុះសម្របសម្រួលជាច្រើនលើកច្រើនសារតែ
ប៉ុណ្ណោះមិនអាចដឹងអ្វីបានទេ ។

ដោយឡែកលោក ឃួន សៅរុំប្រធានក្រុមប្រឹក្សាស្រុកបរិបូណ៌នៅរសៀលថ្ងៃទី 19 នេះដែរបានបញ្ជាក់តាមទូរស័ព្ទឲ្យភ្នាក់
ងារយើងដឹងថា ក្រោយពីមានការសម្របសម្រួល ប្រជាពល
រដ្ឋព្រមដកថយនិងបើកផ្លូវឲ្យដំណើរការវិញបន្ទាប់ពីបិទចរាច
រណ៍ជាង2ម៉ោង ដែលធ្វើឱ្យស្ទះរថយន្តជាច្រើនរយគ្រឿង។

ពួកគាត់សម្រេចបើកផ្លូវឲ្យដំណើរការវិញក៏ដោយសារថ្ងៃ
ស្អែកទី 20 ខែកញ្ញានេះ ប្រជាពលរដ្ឋទាំងនោះនឹងមកជួបដោះស្រាយពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីរកច្រកចេញថាតើគួរមានវិធានការបែបណាដើម្បីទទួលយកបានទាំងអស់គ្នារវាងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តពោធិ៍សាត់ផងដែរ។

យ៉ាងនេះក្តីភ្នាក់ងារប្រចាំខេត្តកំពង់ឆ្នាំងមិនអាចទាក់ទងសុំការបំភ្លឺពីរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានទេ ប៉ុន្តែគ្រាន់តែដឹងថាដើមហេតុនៃសាច់រឿងបិទផ្លូវគឺដោយសារវិវាទដីធ្លីរវាងប្រជាពលរដ្ឋអ្នកខេត្តកំពង់ឆ្នាំងជាមួយរដ្ឋបាលខេត្តពោធិ៍
សាត់តែប៉ុណ្ណោះ៕