ខេត្តព្រះវិហារ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានដែកក្រាលឈើ ១ខ្សែ ដែលសង់ឆ្លងកាត់អូរតាណុប មានប្រវែងជាង ២០ម៉ែត្រ ដែលស្ពាននោះ បានមកពីការជួឧបត្ថម្ភគាំទ្រ ពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការស្ថាបនារបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី១៩កញ្ញាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិក្បាលខ្លា ហៅ (ភូមិក្រពើ៥) ឃុំត្បែង ១ នៃស្រុកសង្គមថ្មី ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងថា ស្ពានដែកបេឡេត៍ ១ខ្សែនេះ គឺមានប្រវែង ២៤ម៉ែត្រ និងទទឹង ៤.២ម៉ែត្រ បានចាប់ដំណើរការសាងសង់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបានបញ្ចប់នូវការសាងសង់ជាស្ថាពរ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។ លោកថា សមិទ្ធិផលស្ពានថ្មីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួយឧបត្ថម្ភដៃស្ពាន តាមរយៈលិខិតស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កាលពីថ្ងៃទី២៥កុម្ភះឆ្នាំ២០២០ ,លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានជួយឧបត្ថម្ភ សសរស្ពាន និងក្តាក្រាលស្ពាន និងស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
លោក សំ លាងទ្រី បានបញ្ជាក់ថា កាលពីឆ្នាំ២០២០ លោកបានស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវដែកស្ពានបេឡេត៍ចាស់ៗ ដែលមាននៅក្នុងមន្ទីរសាធារណការខេត្តស្រាប់ ដើម្បីយកទៅធ្វើស្ពានឆ្លងស្ទឹងស្តៅ ក្នុងស្ថានភាពចាំបាច់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្តៅ ស្រុកសង្គមថ្មី ដោយហេតុថា កាលពីថ្ងៃទី២១កុម្ភះឆ្នាំ២០២០ មានករណីឆេះស្ពានស្ទឹងស្តៅ ដែលស្ពាននោះធ្វើពីឈើ ឆ្លងទៅកាន់តំបន់អភិរក្សភ្នំត្នោត-ភ្នំពក និងក៏ដើម្បីឆ្លើយតបតាមភាពចាំបាច់ ក្នុងការធ្វើស្ពានបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋឆ្លងកាត់ ឲ្យបានមុនរដូវវស្សា ឈានចូលមកដល់។
លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា ការស្ថាបនាស្ពាននេះ មន្ទីរមិនបានប្រើប្រាស់ថវិកាជាតិនោះទេ ហើយការធ្វើស្ពាននេះ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទៅ ពិសេស ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ ដែលចាំបាច់ត្រូវតែប្រើប្រាស់ស្ពាននេះផ្ទាល់តែម្តង សំដៅសម្រួលដល់ការអន្តរាគមន៍ផ្សេងៗ ក្នុងករណីមានគ្រោះធម្មជាតិជាយថាហេតុ ក៏ដូចជាទៅតាមតម្រូវការចាំបាច់នានា ប្រកបដោយប្រសិទ្ធភាព និងបានទាន់ពេលវេលា ព្រោះប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលនោះ មានជិត ១០០គ្រួសារ ដែលចាំបាច់ត្រូវតែប្រើប្រាស់ស្ពាននេះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា នេះជាសមិទ្ធិផលស្ពានទី២ ហើយនៅក្នុងស្រុកសង្គមថ្មី ដែលស្ពានទី១ សង់នៅក្នុងឃុំស្តៅ មានប្រវែង ៤៣ម៉ែត្រ បានផ្តើមចេញតាមរយៈវេទិកាសាធារណៈ ដែលលោកបានចុះផ្ទាល់ទៅដល់ឃុំស្តៅ ប្រជាពលរដ្ឋ និងសហគមន៍បានសំណូមពរ ហើយយើងក៏បានពុះពារគៀងគរថវិកា មធ្យោបាយ និងស្ពាននោះបានបើកឲ្យប្រើប្រាស់ នៅថ្ងៃទី១៩កញ្ញា២០២០ កន្លងមកនេះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបន្តថា ស្ពាន១ខ្សែដែលបានបើកឲ្យប្រើប្រាស់ នៅថ្ងៃ១៩កញ្ញា២០២១នេះ គឺបានកើតឡើងក្រោមជំនួយឧបត្ថម្ភរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រូបលោកផ្ទាល់ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់សុវណ្ណ និងការបញ្ចេញពលកម្មរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ហើយក៏មិនបានប្រើថវិការបស់រដ្ឋនោះដែរ។ លោកថា នេះសបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះជីវភាពប្រជាជន និងការយកចិត្តទុកដាក់នេះ មិនត្រឹមតែអាណត្តិទី៦នេះទេ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនេះ តាំងពីចុងទសវត្សរ៍ទី៨០មកម៉្លេះ ក្នុងការអភិវឌ្ឍន៍ និងបានផ្តល់អាទិភាពលើ ៤វិស័យ គឺ ផ្លូវ ទឹក ភ្លើង (អគ្គិសនី) និងការបណ្តុះបណ្តាលធនធានមនុស្ស និងនៅពេលនេះ រាជរដ្ឋាភិបាល បានចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្ស គឺជាអាទិភាពទី១ វិញ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា មានស្ពាន គឺការកាត់បន្ថយនូវការលំបាក ក្នុងការដឹកជញ្ជូនផលដំណាំ និងភោគផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ហើយសមិទ្ធិផលទាំងអស់នេះ មានតែគណបក្សប្រជាជនកម្ពុជា ១ប៉ុណ្ណោះ ដែលបានបង្កើតឡើងសម្រាប់ប្រជាពលរដ្ឋ តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ទៀតថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ សូមសម្តែងនូវការកោតសរសើរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីទាំងអស់ដែលបានខិតខំ ដើម្បីធ្វើឲ្យសមិទ្ធិផលស្ពាននេះបានកើតឡើង។ សូមអរគុណអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលបានបង្ករលក្ខណៈ ដើម្បីឲ្យមន្ទីរសាធារណការខេត្ត ដំណើរការក្នុងការស្ថាបនាស្ពាន និងផ្លូវ និងក៏សូមថ្លែងអំណរគុណ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានអនុញ្ញាតឲ្យប្រើប្រាស់នូវស្ពានដែកចាស់ៗ ដែលសល់ពីការសាងសង់កន្លែងផ្សេង ដើម្បីយកមកសាងសង់នៅកន្លែងខ្វះខាតគ្មានស្ពានប្រើប្រាស់ ពិសេស សម្រាប់ការសាងសង់ស្ពានឆ្លងស្ទឹងស្តៅ ដែលមានប្រវែង ៤៣ម៉ែត្រ និងស្ពានឆ្លងអូរតាណុប មានប្រវែង ២៤ម៉ែត្រ ទាំងពីរនេះ ទុកជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រើប្រាស់៕ ដោយ៖ឡុង សំបូរ