ខេត្តព្រះវិហារ៖ សមាជិកគណៈអចិន្ត្រៃ គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានប្រកាសស្វាគមន៍ និងទទួលស្គាល់សមាជិកបក្សប្រជាជនថ្មី ១០០នាក់ គឺជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អឌិតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្តសុំចូលមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ក្រោយអស់ជំនឿលើមេដឹកនាំរបស់ខ្លួន ដែលបានតែថា មិនដែលឃើញធ្វើ និងនិរទេសខ្លួន នៅតែក្រៅប្រទេសរហូតមក។
ការប្រកាសស្វាគន៍ទទួលស្គាល់សមាជិកបក្សប្រជាជនថ្មី របស់លោកទេសរដ្ឋមន្ត្រី មាស សុភា ក្រោយពេលថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អឌិតគណបក្សសង្គ្រោះជាតិ ១០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន រួចរាល់នៅពេលថ្មីៗកន្លងមកនេះ និងស្របពេលដែលសមិទ្ធិផល ស្នាក់ការបក្សប្រជាជន ១ខ្នង ដែលទើបសង់ឡើងក្នុងតម្លៃទឹកប្រាក់ជាង ១១១លានរៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩កញ្ញាឆ្នាំ២០២១ ស្ថិតក្នុងឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ។
ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានឲ្យដឹងថា អគារស្នាក់ការបក្សប្រជាជន ១ខ្នងនេះ សង់ឡើងក្នុងទំហំទទឹង ៩ម៉ែត្រ បណ្តោយប្រវែង ១០.៥ម៉ែត្រ ស្មើនឹង ៩៤ម៉ែត្រការ៉េ និងមានកម្ពស់ ៦.១ម៉ែត្រ សង់លើផ្ទៃដីទំហំ ៥០ម៉ែត្រ និងផ្ទៃទទឹង ៣២.៧០ម៉ែត្រ ធ្វើពីថ្ម ដំបូលប្រក់ក្បឿង និងក្រាលការ៉ូ ចំណាយទឹកប្រាក់ក្នុងសាងសង់អស់ ១១១លាន ៦១ពាន់រៀល នៅក្នុងបរិវេណអគារ ១ខ្នងនេះ មានក្លោងទ្វារ បន្ទប់ទឹក ស៊ីទែនទឹក អណ្តូងទឹក បំពាក់គ្រឿងអគ្គិសនី សង់របងព័ទ្ធជុំវិញ និងក៏មានបំពាក់សម្ភារៈការិយាល័យ ផងដែរ។ លោកថា អគារនេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី២៩តុលាឆ្នាំ២០២០ និងបានបញ្ចប់នូវការសាងសង់ជាស្ថាពរ នៅថ្ងៃទី៥មករាឆ្នាំ២០២១។
លោក សំ លាងទ្រី បានបន្តថា ទន្ទឹមនឹងមានការអភិវឌ្ឍន៍រីកចម្រើននេះ ក្រុមការងារគណបក្ស ចុះជួយស្រុកសង្គមថ្មីទាំងអស់ បានប្រកាសពីការប្តេជ្ញាចិត្ត ដើម្បីអភិវឌ្ឍភូមិ ឃុំនៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំរបស់ ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្ត ថ្នាក់ដឹកនាំបក្សខេត្ត និងប្រធានក្រុមការងារបក្សចុះជួយស្រុក ព្រមទាំងមានការសហការ និងអនុវត្តយ៉ាងសស្រាក់សស្រាំ ពីក្រុមការងារចុះជួយស្រុក និងឃុំ ដែលធ្វើឲ្យលេចឡើង នូវសមិទ្ធិផលនានាជាច្រើន នៅក្នុងរយៈពេលកន្លងមក ប្រកបដោយមោទនភាព ទោះនៅក្នុងមូលដ្ឋាន ស្ថិតក្នុងសភាពប្រឈមការរីករាលដាល នៃជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍន៍ទៅមុខរបស់ គណបក្សប្រជាជន បានឡើយ។
ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានសម្តែងការដឹងគុណ ចំពោះឥស្សរជនកំពូលៗរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កំណើត ការដឹកនាំបក្ស និងប្រទេសជាតិ ប្រកបដោយឆន្ទៈមុះមុត មានមនសិកាខ្ពស់ ក្នុងការបង្រួបប្រួមជាតិ មកពីគ្រប់និន្នាការគណបក្សនយោបាយ ធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកសាងបាននូវសុខសន្តិភាព ជូនសង្គមជាតិ និងប្រជាជនកម្ពុជា។ លោកថា ដូចនៅថ្ងៃនេះ យើងរួមគ្នាកសាងបាន នូវអគារស្នាក់ការគណបក្ស ដែលជាសមិទ្ធិផលថ្មី ១បន្ថែមទៀត សម្រាប់បម្រើវិស័យនយោបាយឲ្យបក្សប្រជាជន និងលោកបានប្រកាសស្វាគមន៍ សមាជិកថ្មី ១០០នាក់ ក្នុងចំណោម ៤០០នាក់ នៃថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អឌិតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្ត សុំចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។ លោកបានបញ្ជាក់ថា នៅមានចំនួន ៣០០នាក់ទៀត នឹងត្រូវប្រកាសបញ្ចូលជាសមាជិក សមាជិកាបក្សប្រជាជន នៅពេលខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងអំពាវនាវដល់សមាជិក សមាជិកាបក្សទាំងអស់ បើមានការស្ម័គ្រចិត្ត ចង់ចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយបក្សប្រជាជន គឺស្វាគមន៍ជានិច្ច និងឈប់ជឿតាមការឃោសនាអកុសលណាមួយ ពីបក្សផ្សេងៗទៀតទៅ ហើយយើងត្រូវរួមសាមគ្គីគ្នា កសាងសង្គមជាតិ ឲ្យមានការរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយកម្រនេះ។ ហើយក៏កុំភ្លេចទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៦ ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នាឆ្នាំ២០២២ ខាងមុខនេះ និងកុំភ្លេចអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ បីកុំបីការពាររបស់ សម្តេចតេជោ កុំបីខាន ដើម្បីគ្រួសារ សហគមន៍ និងសង្គមជាតិយើង។
ប្រធានប្រតិបត្តិឃុំ និងជាមេឃុំភ្នំត្បែងមួយ លោក ដូង ម៉ាប់ និងសមាជិក ២នាក់ទៀត តំណាងសមាជិក ១០០នាក់របស់ អឌិតគណបក្សសង្គ្រោះជាតិ បានថ្លែងថា ដោយមើលឃើញថា គណបក្សសង្គ្រោះជាតិ លែងមានឈ្មោះនៅក្នុងប្រទេស និងតម្រូវការរបស់ប្រជាពលរដ្ឋ ចង់ឲ្យពួកគាត់ចូលបម្រើការងារសហគមន៍នៅក្នុងមូលដ្ឋាន ដូច្នេះ ពួកគេទាំងអស់គ្នា ក៏បានស្ម័គ្រចិត្តសុំវិលចូលមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះបក្សប្រជាជន ដឹកនាំប្រទេសជាតិបានល្អ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា សាលារៀន ផ្លូវថ្នល់ និងសមិទ្ធិផលនានាជាច្រើនទៀត បានរីកដុះដាលជាបន្តបន្ទាប់ និងក៏ដើម្បីរួមគ្នាកសាងសន្តិភាព អភិវឌ្ឍស្រុក ភូមិ ឲ្យមានការរីកចម្រើន និងពួកគេក៏លែងជឿតាមការឃោសនា អូសទាញ ដោយការភូតកុហក់ ពីបក្សផ្សេងៗទៀត នោះហើយ ៕ ដោយ៖ឡុង សំបូរ