ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នារយៈពេលពីរថ្ងៃយ៉ាងខ្លាំងបន្តបន្ទាប់នោះ បានបង្កឲ្យកើតជាជំនន់ទឹកភ្លៀង ធ្វើឲ្យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អាគាររដ្ឋបាល សាលារៀន វត្តអារាម មណ្ឌលសុខភាព ស្រែចំការ សត្វពាហនៈ គោក្របី គ្រប់ប្រភេទ លំនៅឋានរបស់ប្រជាពលរដ្ឋរាប់ការសិបខ្នង តាមស្រុកមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យថា បានទទួលរងនូវការលិចលង់។
ក្រោមដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនកម្លាំងនគរបាលការពារព្រំដែន មានលោកវរសេនីយ៍ទោ មាស ម៉េងហ៊ួង មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដឹកនាំកម្លាំងអន្តរាគមន៍ទីបញ្ជាការសរុបចំនួន ២០នាក់ ចុះជួយសាងសង់ស្ពាន និងលើកដីបិទទំនប់ រំដោះទឹកជំនន់ ដែលជន់លិចក្នុងភូមិបឹងជង្រុកតេជោឈ្នះៗ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនតូចៗនិងឪពុកម្ដាយចាស់ជរា ត្រូវបង្កើនការប្រុងប្រយ័ត្ន បើមើលឃើញថា លំដៅដ្ឋានរបស់ខ្លួនប្រឈមនឹងការលិចលង់ខ្លាំងត្រូវរាយការណ៍មកសមត្ថកិច្ចឬអាជ្ញាធរដែលនៅជិតខ្លួនជាបន្ទាន់ ដើម្បីងាយក្នុងការជួយអន្តរាគមន៍សង្គ្រោះជម្លៀសមកកាន់ទីទួលមានសុវត្ថិភាពឲ្យទាន់ពេលវេលា៕ដោយ៖ ឃិន គន្ធា