(ខេត្តកណ្តាល) បទល្មើសជលផលកើតមានព្រោងព្រាតនៅក្នុងទឹកដីស្រុកកៀនស្វាយដោយឡែកមន្ត្រី ជំនាញជលផលមិនត្រូវបានមានវិធានការទប់ស្កាត់ ឬបង្ក្រាបនោះទេ បណ្តែតបណ្តោយអោយមានបទល្មើស យ៉ាងអនាធិបតេយ្យនៅក្នុងរដូវបិតនេសាទគឺរដូវត្រីពងកូន ។ ការដែលមិនមានការទប់ស្កាត់នៅរាល់បទល្មើស ដែលកើតមានយ៉ាងច្រើនស្អេកស្កះនៅពេលបច្ចុប្បន្ននេះទំនងមន្ត្រីជំនាញទាំងនោះត្រូវដងត្រូវផ្លែទទួលលុយយ៉ាងសន្ធឹកសន្ទាប់ហើយ មើលទៅបានជាទុកឳកាសអោយមានបទល្មើសនេសាទប្រព្រឹត្តទៅស្រាច់អំពើចិត្ត ដោយ មិនខ្លាចញញើតពីទោសកំហុសនោះទេ ។
ជាការពិតណាស់ ប្រសិនបើមិនមានការពាក់ព័ន្ធនឹងគ្នាជាមួយមន្ត្រីជំនាញជលផលសង្កាត់កៀនស្វាយ ពលរដ្ឋទាំងនោះមិនអាចមានលទ្ធភាពប្រព្រឹត្តបទល្មើសបានដោយស្រួលបែបនេះឡើយ ។ ពាក់ព័ន្ធបទល្មើស ដែលកើតមាននៅក្នុងទឹកដីស្រុកកៀនស្វាយសព្វថ្ងៃនេះ តើលោកនាយខ័ណ្ឌរដ្ឋបាលជលផលកណ្តាលលបាន ជ្រាបដែរឬទេបញ្ហានេះ ឬ មួយអស់លោកទាំងនោះ បានទទួលសំណែនពីបទល្មើសជលផលយ៉ាងស្ងប់ស្ងាត់ ដែលហើយមើលទៅ បានជាបទល្មើសនេសាទកើតមានព្រោងព្រាតមន្ត្រីជំនាញមិនត្រូវបានបង្ក្រាប ។
គួរបញ្ជាក់ទៀតថាៈ បទល្មើសដែលកើតមាននៅក្នុងរដូវបិតនេសាទបច្ចុប្បន្ននេះ ប្រជានេសាទបានដាក់ ស្បៃមុង (ឡក) ស្អេកស្កះរាប់រយកន្លែង ប្រមូលត្រីទាំងតូចទាំងធំគ្មានសល់ ។ ភាពធូរលុងពីមន្ត្រីជំនាញជលផល សព្វថ្ងៃនេះមិនយូរមិនឆាប់មច្ឆារជាតិ នឹងត្រូវរលាយហិនហោច ដូចពាក្យមួយឃ្លាបានពោលថាៈ “មន្ត្រីជលផល អោយមើលត្រី អស់ត្រី” ដៃម្ខាងបង្ក្រាប ដៃម្ខាងទទួលផលពីបទល្មើស ។
តាមពិតទៅទឹកដីស្រុកកៀនស្វាយ មានបទល្មើសជលផលកើតមានយ៉ាងអនាធិបតេយ្យយូរឆ្នាំមកហើយ ចំណែកមន្ត្រីជំនាញជលផលសង្កាត់កៀនស្វាយបានសើមមាត់សើមកគ្រប់ៗគ្នា ពីបទល្មើសជលផល ។ សូមបញ្ជាក់ថាៈ បទល្មើសប្រភេទស្បៃមុង (ឡក) រាប់រយម៉ែត្រក្នុងនោះក៏មានស្រះចិញ្ចឹមត្រីឆ្តោរាប់រយ ស្រះផងដែរ នៅក្នុងឃុំគគីរធំជាប្រភេទត្រីស៊ីកូនត្រីជាចំណីដែលច្បាប់មិនអនុញ្ញាតិអោយចិញ្ចឹមជាដាច់ខាត ។ ស្រះចិញ្ចឹមត្រីឆ្តោទាំងនោះ ហើយដែលជាដើមចមយ៉ាងសំខាន់ បង្កអោយមានបទល្មើសនេសាទយ៉ាងពេញ ទំហឹងជាប្រភេទស្បៃមុង(ឡក) ប្រមូលត្រីទាំងធំទាំងតូច យកទៅអោយចំណីត្រីឆ្តោ ។
ដោយឡែកអស់លោក ដែលជាមន្ត្រីជំនាញ បានប្រទាក់ក្រឡាគ្នាជាមួយអ្នកប្រព្រឹត្ត បទល្មើសយ៉ាងស្អិតរមួតស៊ីសង្វាក់គ្នាសម្បើម ណាស់ដែលធ្វើអោយអ្នកប្រព្រឹត្តបទល្មើសនេសាទ និងអ្នកចិញ្ចឹម ត្រីឆ្តោយល់ចិត្តថ្លើមយ៉ាងជ្រៀលជ្រៅ ។ ពាក់ព័ន្ធក្នុងករណីនេះដែរកម្ពុជាថ្មីបានព្យាយាមធ្វើការទំនាក់ទំនងលោកនាយខ័ណ្ឌរដ្ឋបាលជលផលកណ្តាលសុំការបំភ្លឺជុំវិញរឿងនេះផងដែរ តែមិនអាចទាក់ទងបាន ។