ខេត្តក្រចេះ :បទល្មើសព្រៃឈើនៅក្នុងឃុំកន្តួត កំពុងតែកំរើកឡើងវិញយ៉ាងពេញបន្ទុក ក្នុងកំឡុងពេលថ្មីៗនេះ ដោយមិនខុសពីពេលមុនៗនោះឡើយ។ ជារៀងរាល់យប់-ថ្ងៃ គេតែងតែ សង្កេតឃើញ មាន រថយន្តគ្រប់ធន់ជាច្រើនគ្រឿង ដូចជា : ឆ្លាម បាឡែន កាមរីហើម និង ហៃឡេនឌ័រ ព្រមទាំងរ៉ឺម៉ក និងគោយន្តកន្ត្រៃ ជាច្រើនគ្រឿងទៀត កំពុងតែសំរុកដឹកជញ្ជូនឈើខុសច្បាប់យ៉ាងគគ្រឹកគគ្រេងចេញពីចំណុច ឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះ ដោយឆ្លងកាត់តាម ស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភព ព័ត៍មានពីប្រជាពលរដ្ឋរស់នៅឃុំកន្តួតបានប្រាប់ឲ្យដឹងថា បើទោះបីជាបទល្មើសព្រៃឈើនៅក្នុងឃុំ កន្តួត បានកើតឡើងយ៉ាងពេញបន្ទុកយ៉ាងណា ក៍ដោយក្ដី ក៍លោកសុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួត ដែលឈរជើងនៅចំណុចឃុំ កន្តួត នោះ មិនបានចាត់វិធានការ បង្ក្រាបឬទប់ស្កាត់ បទល្មើសនៃការធ្វើចរាចរដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ របស់ក្រុមឈ្មួញទាំងនោះ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គាត់គ្រប់គ្រងនោះឡើយ ។
ផ្ទុយពីការបង្ក្រាប ពួកគាត់ តែងតែ សង្កេតឃើញ លោកលោកសុខគោនាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួត និងលោកឌី ណា មន្ត្រីប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បើករថយន្ត ទៅវិញ ទៅមក ៗ ឆ្លងកាត់តាមផ្លូវលំ មួយខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកន្តួត ហាក់បីដូចជាចាំមើលផ្លូវ ឲ្យក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ទាំងនោះ ទៅវិញ ។ ប្រភពបានបន្តទៀតថា ចំណែកឯ លោកឌី ណា មន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ វិញនោះ ចាប់តាំងពីគាត់មកឈរជើងនៅលើទឹកដីឃុំកន្តួត ស្រុកចិត្របុរី រហូតមកដល់ពេលនេះ គេឃើញតែគាត់ បើរថយន្តរបស់គាត់ម៉ាកលុចស៊ីស RX ៣៣០មួយគ្រឿង ទៅចត នៅនឹង មុខ ស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ កន្តួតជារៀងរាល់យប់ ចាំរាប់ក្បាល រថយន្ត ដែលធ្វើចរាចរដឹកជញ្ជូនឈើធ្នង់របស់ក្រុមឈ្មួញទាំងនោះ យកតែលុយដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនរបស់គាត់តែប៉ុណ្ណោះនោះទេ ។
ហើយពួកក្រុមឈ្មួញទាំងអស់ មុនពេលធ្វើចរាចរដឹកជញ្ជូនឈើចេញពី តំបន់នោះ លុះត្រាតែពួកគេ ជំរាបប្រាប់លោក ឌី ណាជាមុនសិន ទើបពួកគេ អាចធ្វើចរាចរដឹកជញ្ជូនឈើ ធ្នង់ចេញពីតំបន់នោះ ឆ្ពោះទៅកាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន បើមិនដូច្នោះទេលោកឌីណា នឹងរាយការណ៍ទៅប្រាប់លោក សុខ គោ ឲ្យចាត់វិធានការណ៍ បង្ក្រាបទៅតាមច្បាប់ រដ្ឋបាលព្រៃឈើភ្លាម ។ ដូច្នេះសរុបសេចក្ដីមក ក្រុមឈ្មួញទាំងអស់នោះអាចធ្វើចរាចរ ដឹកជញ្ជូនឈើខុសច្បាប់បានដោយសេរី នៅលើទឹកដីនៃឃុំកន្តួតដូចសព្វថ្ងៃនេះបាន គឺវាអាស្រ័យទៅលើ លោកឌី ណា មន្ត្រីប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះនិងលោក សុខ គោ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្តួតឈរនៅពីខាងក្រោយខ្នង របស់ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់នៅក្នុងតំបន់នោះដែរ ។
ចំណែកឯ ប្រជាពលរដ្ឋរស់នៅស្រុក ចិត្របុរី មួយចំនួន បានចោទ សួរ ថា ទាក់ទិន្នជុំវិញបញ្ហាខាងលើ ដែលលោកឌីណា មានតួនាទីជាប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ ចតរថយន្តសំកុកចាំរាប់ក្បាល រថយន្តរបស់ឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ដូចជា សព្វថ្ងៃនេះ តើខុសច្បាប់ដែរ ឬទេ ក្នុងនាមគាត់ជា នគរបាលយុត្តិធម៍ ម្នាក់នោះ ? ៕