កោះកុង ៖ ទូកនេសាទមួយគ្រឿង ដែលលួចបង្កប់ឈើគ្រញូងប្រមាណជាងមួយតោន ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់បានកាលពីទៀបភ្លឺថ្ងៃទី១៩ សីហា កន្លងទៅនេះ នៅចំណុចកោះប៉ោ ខេត្តកោះកុង។ លោក យឹម ផេង ស្នងការរងទទួលផែនបង្ក្រាបបទល្មើសដែលដឹកនាំកម្លាំង ចុះធើ្វការបង្ក្រាបបានមានប្រសាសន៍ថា ឈើក្រញូងដែលចាប់បាននោះ ពុំទាន់បានថ្លឹងឲ្យដឹងពីចំនួនពិតប្រាកដនៅឡើយទេ ចំពោះម្ចាស់ឈើវិញក៏ពុំបានដឹងពីអត្តសញ្ញាណនៅឡើយដែរ។
លោកស្នងការរងបានបន្តថា ទូកនិងឈើក្រញូងខាងលើ ត្រូវកម្លាំងរបស់លោក ចុះចាប់បាននៅចំណុចកោះប៉ោ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ក្នុងខណៈពេលដែល ឈ្មួញបម្រុងដឹកមកស្តុកទុកនៅឯទីរួមខេត្ត ចំណែកម្ចាស់ទូកបានគេចខ្លួនពេលកម្លាំងចុះ ទៅដល់គោលដៅ។ ប្រភពមួយបានបង្ហើបឲ្យដឹងថា ច្រកកោះប៉ោដែលសិ្ថតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា គឺជាច្រកមួយដែលឈ្មួញតែងតែនាំឈើក្រញូងឆ្លងកាត់ទាំងទូកៗ ទោះបីជាច្រកនោះមានបុស្ត៏របស់មេព្រៃនិងវ៉ាយអេដយាមប្រចាំការទាំងយប់ទាំងថ្ងៃក៏ដោយចុះ៕