ខេត្តព្រះវិហារ៖ ក្រុមឈ្មួញនៅតែបន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ប៉ុន្តែ ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងសមត្ថកិច្ចស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២០កញ្ញាឆ្នាំ២០២១ នៅដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិរំចេក ឃុំរមនីយ ស្រុករវាង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត១គ្រឿងដែលរងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចនោះ បាននិងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ នៅលើដងផ្លូវជាតិលេខ៦២ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ ក្នុងគោលបំណងឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ រថយន្ត ១គ្រឿងនោះ ប្រភេទកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2P-2442 ពេលបើកបរមកដល់ចំណុចខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ ហើយបញ្ជូនទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ។ ចំណែក ឈើដែលផ្ទុកនៅក្នុងរថយន្តកូរ៉េ ១គ្រឿងនោះ សមត្ថកិច្ចនៅក្នុងការបង្ក្រាប មិនបានបង្ហាញរបាយការណ៍ ដោយបញ្ជាក់ថា មានឈើប៉ុន្មានម៉ែត្រគូបត្រីគុណ នោះឡើយ និងម្ចាស់រថយន្តដឹកឈើនោះ ឈ្មោះអ្វី នោះដែរ រហូតមកដល់ថ្ងៃ២២កញ្ញាឆ្នាំ២០២១នេះ ៕ ដោយ៖ឡុង សំបូរ