ខេត្តកំពង់ធំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ

កំពង់ធំ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរជុំវិញខេត្តច្រើនរូបផងដែរ។

នៅក្នុងឱកាលផងដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ លទ្ធផលវ៉ាក់សាំងកូវីដ១៩ ជុំទី១ បានសម្រេចចំនួន ៤៦៦.៩៦៧នាក់ ស្មើនឹង៩៧,០៦% ក្នុងនោះមាន កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ សម្រេចបានចំនួន ៨៧.៦៣២នាក់ ស្មើនឹង៩២,៩១% កុមារអាយុពី៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ សម្រេចបានចំនួន ៤៥.៧៩៩ នាក់ស្មើនឹង៤៥,៣៨% សម្រាប់ដួសទី១ ។ បន្ថែមពីនេះទៀតឯកឧត្តមអភិបាលខេត្ត បាថ្លែងអំណរគុណជូនចំពោះលោកជំទាវជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣(ដូសជម្រុញ។

ជាមួយគ្នានេះលោកជំទាវ ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះលោកជំទាវប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំឡើង។

លើសពីនេះទៀត លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដល់រដ្ឋបាលខេត្ត នឹងបន្តជម្រុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀតឲ្យមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវ កាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព រិតត្បិតការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួប ជុំនានា និងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩។